(ភ្នំពេញ)៖ នៅមុននេះបន្តិច ៨៖២៧នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌា បានបញ្ចប់ហើយ ដោយក្រុមភ្ញៀវឥណ្ឌាទទួលបានជ័យជម្នះដោយលទ្ធផល ៣-២ លើក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា។ ប៉ុន្ដែតាមរយៈលទ្ធផលនេះ ត្រូវបានអ្នកគាំទ្រសម្ដែងការកោតសរសើរជាច្រើនលើទម្រង់លេងរបស់កម្ពុជា ចំពោះការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Leonardo Luiz។

ការប្រកួតដ៏កក្រើកនេះ លទ្ធផលស្មើគ្នា ១-១ នៅតង់ទី១ ក្នុងគ្រាប់របស់ក្រុមម្ចាស់ផ្ទះកម្ពុជា រកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទីទី៣៧ បន្ទាប់ពីកីឡាករ Chhetri ជួយឥណ្ឌានាំមុខ ១គ្រាប់មុនត្រឹមនាទីទី៣៥ ។ ប៉ុន្ដែយ៉ាងណាតង់ទី១ ក្រុមជម្រើសជាតិកម្ពុជា មានឱកាសគ្រប់គ្រងបាល់លើឥណ្ឌា និងស៊ុតចំគោលដៅជាច្រើន ប៉ុន្ដែធ្វើមិនបានសម្រេច ។

ចូលលតង់ទី២៖ នៅដើមតង់ដោយសារចង្វាក់លេងមិនត្រូវគ្នារបស់ក្រុមរហស្សនាមកម្ពុជា ធ្វើឲ្យក្រុមភ្ញៀវឥណ្ឌា មានឱកាសបំប៉ោងសំណាញ់ ម្ចាស់ផ្ទះកម្ពុជា ២គ្រាប់បន្ថែមទៀត ដោយកីឡាករ JEJE Lalpekhlua នៅនាទី៤៩ និងកីឡាករ Sandesh Jhingan នៅនាទី៥២ ។ រហូតដល់នាទីទី៦១ ទើបខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ទាត់បាល់ពីចម្ងាយវាយបកជួយក្រុមកម្ពុជាតាមពីក្រោយ ២-៣ វិញ ។ តែគួរឲ្យស្ដាយពេលវេលា ៣០នាទីចុងក្រោយ គឺមិនមានការស៊ុតបញ្ចូលទីរៀងៗខ្លួន ធ្វើឲ្យចប់ការប្រកួតកម្ពុជា ចាញ់ឥណ្ឌា ៣-២ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតលក្ខណៈមិត្តភាពកម្ដៅសាច់ដុំ ដើម្បីវាស់ស្ទង់សមត្ថភាពកូនក្រុម សម្រាប់ត្រៀមយុទ្ធនាការចូលរួម ប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup 2019 រៀងៗខ្លួននាចុងខែមីនានេះ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងពូល C ខណៈក្រុមជម្រើសជាតិឥណ្ឌា ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងពូលA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះដូចគ្នា៕