(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំនៃគណៈកម្មការ​អនុគណៈកម្មការ​រៀបចំខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពចៅហ្វាវាំង គង់​សំអុល​អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម ដែលប្រព្រឹត្ដទៅ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំថ្ងៃនេះ ជាលើកទី២ហើយ សម្រាប់ឆ្នាំ២០១៧នេះ ដោយលើកទី១ ប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ដែលបានសម្រេចជោគជ័យនូវការងារជាច្រើន ហើយសម្រាប់កិច្ចប្រជុំលើកទី២នេះ ក៏កំពុងពិនិត្យមើលការងារមួយចំនួនទៀត ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការ​នីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ។

គួររំលឹកថា ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នឹងត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ខាងមុខ ក្រោមវត្តមាន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអស្សរៈជនជាតិ អន្តរជាតិ សប្បុរសជន និងមន្ត្រីជាន់ខ្ពស់ក្នុងជួរ រាជរដ្ឋាភិបាល៕