(ភ្នំពេញ)៖​ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំ​សិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពនៃការកំណែ ទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា និងកាតព្វកិច្ចសារពើពន្ធនានា ជាពិសេសពន្ធលើ​ប្រាក់ចំណូលប្រចាំឆ្នាំ» ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធដារ ព្រមទាំងមានការចូលរួមពីសំណាក់អគ្គនាយករង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋាន​ពន្ធដារ និងវត្តមានរបស់ លោក លោកស្រី តំណាង សមាគម ពាណិជ្ជករនានា និងតំណាងសហគ្រាសអ្នកជាប់ពន្ធធំ សរុបចំនួន​ជាង១០០០សហគ្រាស។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុ  សាធារណៈរបស់​រាជរដ្ឋាភិបាលនីតិកាលទី៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមានគោលការណ៍បង្កើត​ប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិនោះទេ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ នឹងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ដែលមានជាធរមាន ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅដ៏មុតស្រួច របស់រាជរដ្ឋាភិបាលនីតិកាលទី៥ ដែលដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏តែងអនុវត្តតាមអនុសាសន៍ របស់ទេសរដ្ឋន្ត្រីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសំដៅធ្វើយ៉ាងណាផ្តល់សេវា ជូនអ្នកជាប់ពន្ធឲ្យបានល្អងាយស្រួលក្នុងការបង់ពន្ធជូនរដ្ឋ ប៉ុន្តែលំបាកក្នុងការគេចវេះនិងបន្លំពន្ធ។

ជាលទ្ធផល ការប្រមូលពន្ធកន្លងមកចាប់ពីឆ្នាំ ២០១២ គឺតែងតែសម្រេចបានលើសផែនការ ហើយការប្រមូលចំណូលពន្ធបានកើនឡើងជាមធ្យមប្រមាណ ២០% ក្នុងមួយឆ្នាំ ដែលជាក់ស្តែងបានកើនប្រមាណពី ៧៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ រហូតទទួលបានប្រមាណជាង ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦។ ដោយឡែកសម្រាប់ឆ្នាំ ២០១៧ គោលដៅប្រមូលចំណូល ត្រូវសម្រេចឱ្យបាន ប្រមាណជាង១,៧ ពាន់លានដុល្លារអាមេរិក និងសម្រាប់ឆ្នាំ ២០១៨ ត្រូវសម្រេចឱ្យបានប្រមាណចន្លោះ ពី ១,៩ពាន់លានដុល្លារ ទៅ ២ ពាន់លានដុល្លារអាមេរិក។

ដើម្បីឆ្លើយតបទៅនឹងផែនការប្រមូលចំណូលពន្ធខាងលើ អគ្គនាយកដ្ឋានពន្ធដារ នាពេលបច្ចុប្បន្ន បាន និងកំពុងខិតខំក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើកំណែទម្រង់ទាំងផ្នែករដ្ឋបាលសារពើពន្ធ និងគោលនយោបាយសារពើពន្ធ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ (RMS) និងការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ (PFM) ដែលបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (LEVEL PLAYING FIELD) ចំពោះគ្រប់ធុរជន តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។

លោក គង់ វិបុល ក៏បានស្នើសុំសហគ្រាសអ្នកជាប់ពន្ធទាំងអស់ ចូលរួមនិងគាំទ្រការពង្រឹងវប្បធម៌ នៃការបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ សម្រាប់ប្រទេសយើងទាំងអស់គ្នា។

ដោយឡែក សិក្ខាសាលាថ្ងៃនេះ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីវឌ្ឍនភាពថ្មីៗ នៃការកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដាររួមមាន៖

១៖ ការផ្តល់វិញ្ញាបនបត្រអនុលោមភាពពន្ធ ប្រភេទមាស ជូនសហគ្រាសចំនួន ៣១ ដែលមានអនុលោមភាពពន្ធខ្ពស់ ដែលនឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានវិញ្ញាបនបត្រអនុលោមភាព សារពើពន្ធមានសុពលភាព២ឆ្នាំ, ការមិនអនុវត្តពន្ធអប្បបរមា ១% ក្នុងរយៈពេលសុពលភាព, ការអនុវត្តកម្មវិធីសវនកម្មក្នុងរយៈពេល២ឆ្នាំម្តង និង ការបង្វិលសងអាករលើតម្លៃបន្ថែម នូវទឹកប្រាក់កម្រិតណាមួយ ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន។

២៖ ការធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិ ស្តីពីពន្ធដារនានារហូតមកដល់ពេលបច្ចុប្បន្ន ។

៣៖ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងរដ្ឋបាលសារពើពន្ធ សំដៅជំរុញឲ្យមាននូវអភិបាលកិច្ចល្អ ព្រមទាំងបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការផ្តល់សេវា ជូនអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន ដោយបង្កលក្ខណៈងាយស្រួល ឆាប់រហ័ស និងមានភាពច្បាស់លាស់ សម្រាប់ទាំងអ្នកជាប់ពន្ធ។

៤៖ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ គឺដើម្បីស្វែងយល់ឲ្យបានកាន់ តែស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចដាក់លិខិត ប្រកាសបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំ ជាពិសេសលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ខណៈដែលរដូវកាលនៃការប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំនេះ ខិតជិតដល់ថ្ងៃបញ្ចប់នៅដំណាច់ ខែមីនាខាងមុខនេះ៕