(សៀមរាប)៖ ក្នុងជំនួបទ្វេភាគីជាមួយកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសុខាអង្គរ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ លោក កាម៉ាលីឌីនី ស៊ូអីហ្វ (Kamalidini SOUEF) អគ្គនាយកគយ នៃប្រទេសកូម៉ូរូស បានជម្រាបជូនលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថា កូម៉ូរូស ចាប់អារម្មណ៍ទិញអង្ករក្រអូប និងសម្លៀកបំពាក់ពីប្រទេសកម្ពុជា ប៉ុន្តែត្រូវការសិក្សាពីនីតិវិធីនាំចេញជាមុនសិន។

លោក កាម៉ាលីឌីនី ស៊ូអីហ្វ បានគូសបញ្ជាក់ថា ប្រទេសកូម៉ូរូស បាននាំចូលបន្លែស្ងួត គ្រឿងសង្ហារឹម រនាំងមារគី កំណាត់តង់ និងអង្ករ ពីប្រទេសតង់ហ្សានី ចិន បារាំង ឥណ្ឌា និងប៉ាគីស្ថាន ប៉ុន្តែត្រូវការនាំចូលអង្ករ និងផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជាថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេស។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះបំណងរបស់ប្រទេសកូម៉ូរូស និងបានជម្រាបជូនភាគី កូម៉ូរូស អំពីគុណភាព និងរសជាតិដ៏ល្អគ្មានពីរនៃអង្ករកម្ពុជា ដែលបានឈ្នះពានរង្វាន់ពិភពលោកចំនួនបីឆ្នាំជាប់គ្នា។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក កាម៉ាលីឌីនី ស៊ូអីហ្វ អំពីគុណប្រយោជន៍ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការទទួលបានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ផ្តល់ដោយសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីនាំចេញអង្ករ និងសំលៀកបំពាក់ ព្រមទាំងកសិផលផ្សេងៗទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធជាមួយនីតិវិធីនាំចេញ លោក ប៉ាន សូរស័ក្តិ បានសំណូមពរភាគីកូម៉ូរូស ធ្វើការសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងការបណ្តុះបណ្តាលផ្សេងៗ៕