(ភ្នំពេញ)៖ ក្រោយមានហេតុការណ៍ផ្ទុះឡដ៏រន្ធត់ ចេញពីក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ឈ្មោះ Zhen Pai Cambodia Co,ltd ស្ថិតនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃមិញរួចមក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចេញអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយបានធានារាប់រងការខូចខាត ចំពោះជនរងគ្រោះដែលបានស្លាប់ និងចេញថ្លៃព្យាបាលដល់អ្នករងរបួស រហូតដល់ជាសះស្បើយ។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ថា គ្រោះថ្នាក់ផ្ទុះឡក្នុងរោងចក្រខាងលើ បណ្ដាលឲ្យកម្មការិនីម្នាក់បានស្លាប់ មានឈ្មោះ គល់ សាម៉ន អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិម្រាក់ទាប ឃុំស្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងកម្មការិនី៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានកម្មការិនីម្នាក់មានផ្ទៃពោះ តែមិនមានបញ្ហាដល់ទារកក្នុងផ្ទៃនោះទេ។

លោកអ្នកនាំពាក្យបានបន្តថា អ្នករងរបួសទាំង៧នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសម ស្ថិតនៅក្រោមការតាមដាន និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីភ្នាក់ងារ ប.ស.ស ថែមទាំងជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល ធ្វើយ៉ាងណាជួយពួកគាត់ឲ្យឆាប់ជាសះស្បើយ។

អំពីឡក្នុងរោងចក្រវិញ វាត្រូវបានគេដុតឲ្យក្ដៅ ដើម្បីយកចំហាយកម្ដៅ បញ្ចូលទៅក្នុងម៉ានស៊ីនអ៊ុតខោអាវ ក្នុងរោងចក្រនោះ។ លោកបានប្រាប់ពីមូលហេតុ នៃការផ្ទុះឡក្នុងរោងចក្រនេះថា «គឺបណ្ដាលមកពីការខ្វះចន្លោះក្នុងរោងចក្រ ព្រោះមិនបានត្រួតពិនិត្យបច្ចេកទេសឲ្យបានត្រឹមត្រូវ ជាហេតុនាំឲ្យឡនោះឡើងកម្ដៅខ្លាំង ក៏ផ្ទុះឡើងតែម្ដង ឡដែលផ្ទុះនោះមានមុខកាត់ ១.២ម៉ែត្រ និងប្រវែង ២.៣ម៉ែត្រ»

លោក ជាវ ប៊ុនរិទ្ធ បានបន្ថែមថា ប.ស.ស បានផ្ដល់ប្រាក់ចំនួន៤លានរៀល សម្រាប់បង់ថ្លៃដឹកសព និងចំណាយលើការ ធ្វើបុណ្យបូជាសព ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀត ដូចជាប្រាក់ឧបត្ថម្ភដល់សមាជិក ដែលនៅក្នុងបន្ទុកគ្រួសាររបស់កម្មការិនីដែលស្លាប់នោះ មានប្ដី ឪពុកម្ដាយ ជនចាស់ជរាជាដើម ដែលជាប្រាក់គោលរបបរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់ជូនពួកគាត់។

សម្រាប់ជនរងគ្រោះ ដែលរងរបួសទាំង៧នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះ គឺមិនមានការបង់ប្រាក់ផ្ទាល់ខ្លួននោះទេ ពោលថ្លៃចំណាយទាំងអស់ ជាបន្ទុករបស់ ប.ស.ស ទាំងអស់ ហើយការឈប់សម្រាករបស់ពួកគាត់ មិនមានការកាត់លុយ នៅក្នុងរោងចក្រនោះទេ រហូតដល់ជាសះស្បើយវិញ។

លោក ប៊ុនរិទ្ធ ព្រមទាំងមន្រ្តីរាជការនៅក្នុងស្ថាប័ន ប.ស.ស ទាំងអស់ មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុកាលពីថ្ងៃមិញនោះ ហើយបានដាក់អនុសាសន៍ ទៅគ្រប់រោងចក្រសហគ្រាសទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យការងារបច្ចេកទេស ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងសុវត្ថិភាពជូនកម្មករឲ្យកាន់តែល្អប្រសើរ៕