(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមនឹងសហការី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានជួបសម្ដែងការគួរសម និងទទួល អំណោយជាលើកទី២ នូវអង្ករក្រអូបផ្កាម្លិះចំនួន៧០៥តោន ពីរដ្ឋាភិបាល តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដែលបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ អំណាយនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរ មកជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

នៅក្នុងពិធីនេះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះរាជរដ្ឋាភិបាល តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ដែលបាននាំយកអង្ករ ជាអំណោយមនុស្សធម៌នេះ មកជូនកាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការ បានជម្រាប និងបញ្ជាក់ថា នេះជាលើកទី២ ហើយដែលរដ្ឋាភិបាល តំបន់ស្វយ័តក្វាងស៊ីនៃប្រទេសចិន បាននាំយកអង្ករមកជូនកាកបាទក្រហមកម្ពុជា ហើយដើម្បីឆ្លើយតបទៅ នឹងអំណោយនេះ កាកបាទក្រហមកម្ពុជា នឹងយកអង្ករទាំងនេះ ទៅផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលខ្វះខាតស្បៀង ទៅតាមតម្រូវការជាក់ស្ដែង។

ក្នុងឱកាសនោះ លោក លី ពីនលីន អគ្គនាយកក្រុមហ៊ុនហ្គូហុង តំណាងឱ្យរាជរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន និងតំណាងឲ្យប្រជាជនចិនទាំងមូល បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជាដែលបាន អនុញ្ញាតឱ្យរដ្ឋាភិបាល និងប្រជាជនចិន បាននាំយកអំណោយ អង្ករក្រអូបផ្កាម្លិះ ជាលើកទី២នេះ មកប្រគល់ជូន ដើម្បីបាន ចូលរួម ចំណែកការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ក្នុងនាមតំណាងឱ្យរដ្ឋាភិបាល និងប្រជាជនចិន លោក លី ពីនលីន ប្តេជ្ញាបន្តពង្រឹងមិត្តភាពជាបងប្អូន និង កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន និងប្រទេសយើងទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរឹងមាំថែមទៀត៕