(ភ្នំពេញ)៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលជាលើកដំបូងនៅកម្ពុជា ដែលមានតម្លៃរហូតដល់ជាង ១០លានដុល្លារត្រូវបានដាក់ ឲ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ជាមួយការរំពឹងថា នឹងជួយធ្វើឲ្យសមត្ថភាពរបស់មន្រ្តីអាកាសចរ កាន់តែល្អប្រសើរ ហើយក៏នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានអញ្ជើញជាអធិបតីដាក់ឲ្យដំណើរការមជ្ឈមណ្ឌហ្វឹកហ្វឺន អាកាសចរស៊ីវិល​បានថ្លែងថា ការដាក់សម្ពោធមជ្ឍមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនាពេលនេះ គឺជាការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា អាចទទួលបានតាមរយៈការបង្កើតឲ្យមានមជ្ឍមណ្ឌលបណ្ដុះបណ្ដាល និងកម្មវិធីបង្កើនសមត្ថភាព ដើម្បីធានាឲ្យបាននូវសន្តិភាព សុវត្ថិភាព ប្រសិទ្ធិភាព គុណភាព និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិ ដែលមានលក្ខណៈប្រសិទ្ធិភាពថ្លៃដើមក្នុងការរក្សាបាននូវស្ដង់ដាអន្តជាតិ។

«ទន្ទឹមគ្នានេះ នឹងធ្វើឲ្យប្រសើរឡើងទាំងបរិមាណគុណភាពធនធានមនុស្ស ព្រមទាំងសមត្ថភាពស្ថាប័នអាកាសចរស៊ីវិល សម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ដែលជាការឆ្លើយតបទៅការអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការកំណើនភ្ញៀវទេសចរបរទេស ធ្វើដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា និងបន្តដំណើរទៅទស្សនាប្រាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងទៅលំហែកាយនៅសមុទ្រដ៏ស្រស់ត្រកាលនៅខេត្តព្រះសីហនុ។ល។»។ លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បន្ថែម។

លោក ទៀ បាញ់ បានបន្តថា ឧស្សាហកម្មអាកាសចរមានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ច របស់បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។ ការដឹកជញ្ជូនតាមផ្លូវអាកាស ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក ហើយនៅតែជាឧស្សាហកម្មរីកលូតលាស់ លឿនបំផុតនាពេលបច្ចុប្បន្ន។

លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យអាកាសចរកម្ពុជា ឲ្យមានការរីកចម្រើនតាមរយៈការបណ្ដុះបណ្ដាលសមត្ថភាព ជំនាញអ្នកជំនាញការ។ តាមរយៈមជ្ឈមណ្ឌលនេះ ក៏នឹងអាចចែករំលែកជំនាញ និងចំណេះធ្វើរវាងអាកាសចរកូរ៉េ និងកម្ពុជា ដើម្បីរិតចំណងមិត្តភាពផ្នែកអាកាសចររវាងប្រទេសទាំងពីរផងដែរ។

លោក ជុង វូយ៉ុង អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាធ្លាប់តែពឹងផ្នែកយ៉ាងខ្លាំងទៅលើបណ្ដាប្រទេសផ្សេងទៀត ជាមួយនឹងការចំណាយខ្ពស់សម្រាប់ការបណ្ដុះបណ្ដាលអាកាសចរស៊ីវិល នៅលើការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ការគ្រប់គ្រង់សុវត្ថិភាពផ្លូវអាកាស និងសន្ដិសុខអាកាសយានដ្ឋាន និងការប្រតិបត្តិការ។

បើតាមលោក ជុង វូយ៉ុង ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះហើយ ទើបកូរ៉េខាងត្បូង និងកម្ពុជា បានធ្វើការរួមគ្នា បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននេះឡើងបណ្ដុះបណ្ដាលសិក្ខាកាមបានចំនួនច្រើន និងធានាឲ្យបាននូវសេវាកម្មដឹកជញ្ជូនផ្លូវការអាកាសដែលមានសុវត្ថិភាព និងមានសុវត្ថិភាព ទទួឡបានការទុកចិត្តនៅក្នុងសហគមន៍អន្តរជាតិ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនេះ ដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអាកាសចរស៊ីវិល។ លោកថា មជ្ឈមណ្ឌលនេះ គ្រោងនឹងបើកថ្នាក់បណ្ដុះបណ្ដាលចំនួន១៤ វគ្គ ដោយមានសិក្ខាកាមចូលរួមសរុប ២៧៤នាក់ និងមានជំនាញការកូរ៉េ ១១នាក់ មកជួយផ្នែកបច្ចេទេសបណ្ដុះបណ្ដាលគ្រូបង្គោល ដល់មន្រ្តីរដ្ឋលេខាធិការដ្ឋានអាការចរស៊ីវិល។ ការបណ្តុះបណ្តាលពីជំនាញការកូរ៉េនេះ មានរយៈពេលខ្លី ០២សប្ដាហ៍ និងរយៈពេលវែងរហូតដល់ ០២ឆ្នាំ។

ជាមួយការដាក់ឲ្យដំណើរមជ្ឈមណ្ឌលហ្វឹកហ្វឺន អាកាសចរស៊ីវិល ដែលមិនធ្លាប់មាននៅកម្ពុជា លោក ម៉ៅ ហាវណ្ណាល់ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការទាំងអស់ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ក្រុមហ៊ុនសេវាកម្មនាំផ្លូវហោះហើរកម្ពុជា (CATS) ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសបញ្ជូនបុគ្គលិក ដែលចង់មានជំនាញអាកាសចរស៊ីវិល និងបង្កើននូវចំណេះដឹងបន្ថែម៕