(ភ្នំពេញ)៖ បន្ទាប់ពីរបទចម្រៀងចំនួនមួយបទ ដែលជាការបកស្រាយ ដោយតារាចម្រៀងពីរដួងផ្សេងគ្នា គឺកញ្ញា សុខ ពិសី និងកញ្ញា លី អ៊ីវ៉ាធីណា មានចំណងជើងថា «ក្រមុំខ្ញុំអ្នកណាសង» ចេញបុកគ្នារួចមក ត្រូវបានគេពិនិត្យឃើញថា ទោះបីបទនេះ មានអត្ថន័យតែមួយ ទំនុកច្រៀងតែមួយ ប៉ុន្តែការច្រៀងរបស់តារាចម្រៀង​សំនៀងស្រទន់ កញ្ញា សុខ ពិសី មានការគាំទ្រខ្លាំងជាង សំនៀងរបស់កញ្ញា លី អ៊ីវ៉ាធីណា ខណៈដែលបទរបស់ សុខ ពិសី ទើបតែចេញ MV ក្ដៅៗមុននេះ។

តារាចម្រៀងស្រីពីរដួង កំពុងមានប្រជាប្រិយភាពត្រដមត្រសងគ្នា កញ្ញា សុខ ពិសី និង​កញ្ញា លី អ៊ីវ៉ាធីណា ដែលមហាជនធ្លាប់ដឹងថា ពួកគេ​ជាអតីតគូសត្រូវនឹងគ្នា ធ្លាប់មាន​ឈ្លោះបាញ់បោះ ពាក្យសម្ដីស្ទើរក្លាយជាសង្គ្រាម​ ព្រោះអ្នកទាំងពីមិនមានអ្នកណា ចុះចាញ់អ្នកណាឡើយ។ ប៉ុន្តែ​កាលពី​សប្ដាហ៍មុន អ្នកទាំងពីរបានចេញ​បទចម្រៀង​បុកគ្នា គឺ «បទក្រមុំខ្ញុំអ្នកណាសង» ធ្វើឲ្យមហាជន ធ្វើការថ្លឹងថ្លែង​ទៅលើសំឡេង របស់ពួកគេទាំងពីរថា តើនរណាបកស្រាយពីរោះជាង?

បទចម្រៀង «បទក្រមុំខ្ញុំអ្នកណាសង» ជាសំនៀងដើមរបស់ លោកស្រី សុង សេងហ៊ន ហើយត្រូវបានច្រៀងឡើងវិញ ជាច្រើនលើកច្រើនសារ រួចមកហើយ ប៉ុន្តែលើកនេះ ហាក់ពិសេសជាងរាល់ដង ព្រោះតារាចម្រៀងស្រីល្បីពីរដួង ច្រៀងប៉ះគ្នាក្នុងបទតែមួយ ហើយជាតារាដែលមិនចុះសម្រុងគ្នា ទៀតផង ពិតជាមានការចាប់អារម្មណ៍មែន។

ថ្វីដ្បិតតែ​កញ្ញា លី អ៊ីវ៉ាធីណា បកស្រាយបទចម្រៀងទំរង់បែបចិន បានល្អជាង​តារាចម្រៀង សុខ ពិសី ពិតមែន ប៉ុន្តែលើកនេះ នាងមិនអាចប្រៀបនឹង សុខ ពិសី បានឡើយ ព្រោះ សុខ ពិសី ល្បីខ្លាំងជាង លី អ៊ីវ៉ាធីណា ក្នុងបទចម្រៀងមួយនេះ។ កត្តាជាច្រើនដែល​ជំរុញ​​ឲ្យ សុខ ពិសី អាចវ៉ាដាច់លើបទ​ លី អ៊ីវ៉ាធីណា ក្នុងនោះរួមមាន សាច់ភ្លេង​កន្ត្រាក់អារម្មណ៍, សំឡេងច្រៀងដ៏ស្រទន់​ និង​ការសម្ដែងដ៏ក្រម៉ិចក្រមើម​ ល្អឥតខ្ចោះរបស់ សុខ ពិសី គឺធ្វើឲ្យនាងឈ្នះដាច់ លី អ៊ីវ៉ាធីណា​។

អ្នក​មីង មុំ ដែលជាជាងកាត់ដេរសម្លៀកបំពាក់ នៅហាងមួយ​ បាននិយាយថា គាត់ចូលចិត្តបទចម្រៀង​របស់ សុខ ពិសី ព្រោះមើលទៅទាក់ទាញ និងពីរោះរងំខ្លាំងជាង ពីមុនមក គាត់មិនដែលមើលបទចម្រៀង សុខ ពិសី ទេ តែឃើញលើកនេះ នាងធ្វើបានល្អ និងគួរឲ្យស្រឡាញ់មែនទែន។

ជោគជ័យរបស់ សុខ ពិសី លើកនេះ ធ្វើឲ្យ លី អ៊ីវ៉ាធីណា ហាក់អន់ចង់មិនតិចទេ ព្រោះនាងហាក់មានអំនួត លើសមត្ថភាពខ្លួនឯងពេក ទោះបីនាងត្រូវបានគេចាត់ទុកថា ជាតារាចម្រៀង យិនស៊ិន (យូរឆ្នាំ) ទៅហើយក្ដី ខណៈដែលតារាចម្រៀងជំនាន់នាង គេឡើងជាកំពូលតារាចម្រៀង​​អស់ទៅហើយ៕