(ភ្នំពេញ)៖ តាមការគ្រោងទុក្ខ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧  ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។

នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

សូម​បញ្ជាក់​ថា​ បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕