(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការសិក្សានៅកុមារភាពរបស់សម្តេចជារឿងអភ័ព្វមួយ ព្រោះ សម្តេចត្រូវធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីឪពុកម្តាយ ដើម្បីស្វែងរកការសិក្សាតាំងពីអាយុ ១៤ឆ្នាំ។ ដើម្បីធ្វើឲ្យក្មេងៗជំនាន់ក្រោយ កុំឲ្យជួបវាសនាមិនល្អដូចសម្តេចទៀតនោះ ការធ្វើសាលារៀនកាន់តែកៀកផ្ទះប្រជាពលរដ្ឋ គឺជាបំណងប្រាថ្នាធំមួយ នៅក្នុងជីវិតរបស់សម្តេច។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូនដល់គរុសិស្ស និស្សិត ៩៨៤នាក់នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណុះបណ្តាលធនធានមនុស្ស ជារឿងសំខាន់ ហើយក៏លំបាកផងដែរមិនដូចការ ដាំដុះដំណាំផ្សេងៗនោះទេ ពោលដាំដំណាំចំណាយពេលតិចឆ្នាំ តែការបណ្តុះបណ្តាលធនធានមនុស្សចំណាយពេលយ៉ាងតិច ១៦ឆ្នាំ ទម្រាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ទោះបីយ៉ាងណាសម្តេចនាយករដ្ឋមន្រ្តី ក៏បង្ហាញនូវមោទនភាពផងដែរ ដែលធនធានមនុស្សនៅកម្ពុជា បាននិងកំពុងរីកលូតលាស់បានកាន់តែច្រើនសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន បើធៀបនឹងពេលប្រទេសទើបងើបចេញ ពីភ្លើងសង្រ្គាមមានចំនួនតិចតួចបំផុត។

ថ្លែងដល់ការប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនេះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាតាំងពីឆ្នាំ១៩៨៥ ក៏បានថ្លែងរំលឹកអំពីការផ្តល់អគារសិក្សា ព្រមទាំងការចាត់ចែងរៀបចំដំឡើងកម្រិតសាលាពីបឋមទៅអនុវិទ្យាល័យ ឬពីអនុវិទ្យាល័យ ទៅវិទ្យាល័យ ជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកការផ្តល់អគារសិក្សា ព្រមទាំងការចាត់ចែងរៀបចំដំឡើងកម្រិតសាលានេះ ជាការយកចិត្ត ដោះស្រាយដ៏សំខាន់មួយលើការអប់រំ ក៏ដូចជាផ្តល់ការអប់រំដល់កូនចៅប្រជាពលរដ្ឋ ឲ្យកាន់តែងាយស្រួល កុំឲ្យលំបាកដូចកុមារភាពរបស់សម្តេច។

សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កុមារភាពរបស់សម្តេចព្រោះតែការខ្វះសាលាសិក្សានោះ សម្តេចត្រូវធ្វើចំណាកស្រុកពី ឪពុក-ម្តាយ តាំងពីអាយុ ១៤ឆ្នាំ ដើម្បីស្វែងរកចំណេះវិជ្ជា ដែលសម្តេចបានចាត់ទុកនោះជារឿងដ៏អភ័ព្វ ហើយប្តេជ្ញាមិនឲ្យកើតមាន សម្រាប់ក្មេងជំនាន់ក្រោយនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ «ចំណុចអស់ទាំងនេះហើយ បានជាខ្ញុំថា អ្វីដែលជាការប៉ងប្រាថ្នាក្នុងជីវិតរបស់ខ្ញុំ មិនទុកឲ្យក្មេងជំនាន់ក្រោយមានភ័ព្វវាសនាដូចខ្ញុំ។ គ្រាន់តែខ្ញុំអាយុ ១៤ឆ្នាំ ខ្ញុំធ្វើចំណាកស្រុក បែកពីឪពុក-ម្តាយ ដោយសារការខ្វះសាលារៀន។ អ៊ីចឹងទេបានជាយើងត្រូវប្រឹងប្រែង ដើម្បីបញ្ចុះសាលារៀនទៅកាន់មូលដ្ឋាន ហើយយើងដាក់ចេញនូវក្របខណ្ឌគោលនយោបាយឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច។ ស្រុកមួយ វិទ្យាល័យច្រើន មួយរត់មិនរួចទេ»

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ក្នុងអំឡុងពេលធ្វើដំណើរចុះតាមបណ្តាខេត្តនៅក្នុងឆ្នាំ ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុប ៣៦៨ខ្នង ស្មើនិង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនិង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។

លោក ហង់ ជួនណារ៉ុន បានឲ្យដឹងផងដែរថា គិតដល់ត្រឹមខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សាសរុប ៤,១៤០ខ្នង ស្មើនិង ២៤,១០៥បន្ទប់។

លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកការផ្តល់អគារសិក្សា រួមទាំងការដំលើងប្រាក់បៀវត្សរ៍ដល់គ្រូៗផងនោះ គឺជាការ ខិតខំ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលទៅលើវិស័យអប់រំ ដែលជាថ្នាល់បណ្តុះធនធានមនុស្ស ដ៏សំខាន់នៅកម្ពុជា។

បើទោះបីបច្ចុប្បន្នអគារសិក្សាជាច្រើនត្រូវបានសាងសង់ និងជួសជុលរួចរាល់យ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារអប់រំនេះនៅតែជារឿងសំខាន់ហើយត្រូវយកចិត្តទុកដាក់ និងត្រូវទម្លាក់ថវិកាបន្ថែមទៀត ដើម្បីសាងសង់អគារសិក្សា ក៏ដូចជាជួសជុលអគារសិក្សា។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អាជ្ញាធរនៅតាមមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ បន្ថែមទៀត ទៅលើអគារសិក្សានេះផងដែរ ជាពិសេសអគារមានសភាពទ្រុឌទ្រោម ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុណាមួយ៕