(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាអាណាព្យាបាលបច្ចេកទេស របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស.) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) សូមជូនដំណឹងដល់និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតយុទ្ធជន អាចស្នើសុំប្រើប្រាស់កាត អេធីអឹម (ATM) ក្នុងទិសដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែ ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ។

បើតាមមន្រ្តីក្រសួងសង្គមកិច្ច បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញ អាចស្នើសុំកាត ATM នៅគ្រប់សាខាធនាគារកាណាឌីយ៉ា (ក.អ)
និងសម្រាប់បណ្តាខេត្ត អាចស្នើសុំកាត ATM នៅគ្រប់សាខាធនាគារអេស៊ីលីដា។

នៅព្រឹកមិញ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស ជិត១ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អំពីផលប្រយោជន៍ជាច្រើនដែលពួកគាត់នឹងទទួលបាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

សូមបញ្ជាក់ថា នៅមេសា ឆ្នាំ២០១៧ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) ចំនួន៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ​​​​​​​​​​​​​​​​៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០រៀល។
៤៖ នគរបាលជាតិ ៩៣៧,៧៣០រៀល។
៥៖ យោធិន ៨៨០,៧៣០រៀល។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ​​​៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត​ ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ​​៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០រៀល៕