(ពោធិ៍សាត់)៖ បុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន បានឆ្លងចរន្តអគ្គិសនីធ្លាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសម្នាក់នោះ បានឡើងទៅបាញ់វីសដំបូលផ្ទះ ហើយស្រវាប៉ះខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផៃ ផាន់ណារ៉ា អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុជនរងគ្រោះ បានទៅធ្វើសំណង់នៅចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ (ឈ្មួញឈើ) ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលកំពុងតែឡើងទៅបាញ់វីសដំបូលផ្ទះ ក៏ស្រវាប៉ះខ្សែភ្លើងដែលមានតំណតខ្លួនឯង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕