(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋាន ក្នុងរបាយការណ៍របស់ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ស្តីពី «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយក្រុមដែលតាំងខ្លួនជាសមាជិកសភាអាស៊ាន។

ក្រសួងការបរទេស បញ្ជាក់ថា ក្រុមទាំងនោះ មិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សភាអាស៊ានឡើយ ក្រុមទាងនោះវាយតម្លៃកម្ពុជា ប្រកបដោយភាពខ្មៅងងឹត។

ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពី មានប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមួយចំនួន បានចុះផ្សាយ របាយការណ៍របស់ ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

របាយការណ៍នេះ បានចោទប្រកាន់ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។

កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជន  បានប្រតិកម្មទៅនឹង ក្រុមមនុស្សមួយចំនួន ដែលហៅខ្លួនឯងថាជា «សភាអាស៊ាន» ហើយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា តំបន់អាស៊ាននេះ សភាអាស៊ានមួយប៉ុណ្ណោះនោះ គឺ AIPA៕

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖