(សៀមរាប)៖ ស្ពានហាលផ្លូវ ចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។

ដើម្បីឱ្យកិច្ចការជួសជុលនេះ ស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ា នាទីក្រុងតូក្យូប្រទេសជប៉ុន។

កិច្ចពិភាក្សានេះ មានការចូលរួមពីលោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញដែលជាអ្នកចូលរួមផ្ទាល់ ក្នុងកិច្ចការជួសជុលស្ពានហាលនេះ។ ដោយឡែកអ្នកជំនាញជប៉ុនជាច្រើនរូប ដែលមានជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលរួមផ្តល់យោបល់បន្ថែមទៀត លើកិច្ចការជួលជុលស្ពានហាលនេះ ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។

លោក លី វណ្ណា ក្នុងនាមអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញទាំងអស់ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេង នៅប្រទេសជប៉ុនដែលបានផ្តល់ យោបល់ជាជំនួយផ្នែកបច្ចេកទេស ដ៏សំខាន់ក្នុងពេលនេះ។

អាជ្ញាធរជាតិអប្សរា នឹងទទួលយកយោបល់ដ៏ល្អៗ ទាំងនោះដាក់ឆ្លងទៅអ្នកជំនាញអន្តរជាតិ ដើម្បីពិនិត្យផ្តល់យោបល់ បន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យកិច្ចការ ជួសជុលនេះទទួលបានផ្លែផ្កាល្អ រក្សាបាននូវស្ថានភាពដើម ហើយស្របតាមលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕