(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាឲ្យលោក តេង សាម៉ៃ ព្រះរាជារង ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅបង្ក្រាប និងចូលឆែកឆេរវីឡាតឿមួយកន្លែង កម្មសិទ្ធរបស់ឈ្មោះ យ៉ាន មុំ ជាប្រពន្ធ និងឈ្មោះ ឃុត ដារ៉ុង ជាប្តី សង្ស័យរកស៊ីជួញដូរគ្រឿងញៀន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងវិឡាតឿ ភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផារិទ្ធ ស្នងការរងនគរបាល និងជាប្រធានការិយាល័យប្រឆំាងបទល្មើស បានបញ្ជាក់ថា ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលរបស់លោក បានចូលទៅឆែកឆេរ ប៉ុន្តែរកមិនទាន់អាចបញ្ជាក់បានថា មានការដកហូតវត្ថុតាងណាមួយនៅឡើយទេ ដោយកំពុងធ្វើការនៅឡើយ។

សូមបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅតំបន់ជាយដែននេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាល បានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ជិត១គីឡូក្រាម ប្រភេទមេតំហ្វេតាមីនWY ចំនួន៨០០០គ្រាប់ កាំភ្លើងខ្លី១ដើម និងមានគ្រាប់៩៦គ្រាប់ រថយន្តចំនួន៥គ្រឿង៕