(ភ្នំពេញ)៖ ដើម្បីបង្ហាញពីសមានចិត្តជួយគ្នា និងជាសកម្មភាពមនុស្សជួយដល់សង្គម ក្រុមគ្រួសារតារាកម្ពុជា ​ដឹកនាំដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជា បានសហការជាមួយតារាជាច្រើន​រូបយកថវិកាមួយចំនួនជូន លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកផលិតកម្មកម្មវិធីរបស់ CTN និង CNC ដើម្បីបន្តប្រគល់ជូនមន្ទីរពេទ្យគន្ឋបុប្ជា ខណៈដែលពិធីនេះ បានរៀបចំធ្វើឡើងក្នុងបរិវេណស្ថានីយទូរទស្សន៍ ស៊ីធីអិនឫស្សីកែវ នៅល្ងាចថ្ងៃទី២១ មីនា ឆ្នាំ២០១៧នេះ។

លោក ផាត់​ តារារដ្ឋ ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា សម្រាប់ថ្ងៃនេះ ថវិកាដែលយកមកប្រគល់ជូនលោកតា វ៉ិច ទ័រ មានចំនួន៥០០ដុល្លារ ដោយសមាជិកក្រុមគ្រួសារតារាកម្ពុជា រៃអង្គាសពីទឹកចិត្តសមាជិក បានប្រមាណមួយពាន់ដុល្លារ ហើយទុក៥០០ដុល្លារ ដើម្បីប្រើការក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗទៀត។ សម្រាប់ថ្ងៃនេះ​យើងជូនបានតែ៥០០ទេ តែយើងនឹងបន្តរៃអង្គាសប្រាក់ តាមផែនការជួយសង្គមបន្តទៀតជាក់ស្តែង ដោយយើងបានមើលឃើញថា លោកតា វ៉ិច ទ័រ គាត់ប្រមូលប្រាក់បានច្រើនក្បែរ២០ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យគន្ធបុប្ជាក្នុងឆ្នាំនេះ ទើបលោកនិងសមាជិកប្រគល់ជូនខាង​លោកតា វ៉ិច ទ័រ ​តែម្តង ដើម្បីឲ្យគាត់បានចាត់ចែងជាបន្តទៀត។

លោកបន្តថា តាមរយៈការជួយគ្នារបស់តារាខ្មែរ កាន់តែធ្វើឲ្យ​មហាជនមើលឃើញថា តារាកម្ពុជាឥឡូវចេះរួបរួមគ្នា ធ្វើកិច្ចការសង្គមទោះតិចឬច្រើន។ លោកសូមឲ្យបន្តការងារទាំងនេះជាបន្តទៀត ដើម្បីមុខមាត់សិល្បៈទាំងអស់គ្នា។

ដោយឡែកលោកតា វ៉ិច ទ័រ ដែលបានរៀបចំធ្វើមូល​និធីប្រមូលថវិកា ជូនមន្ទីរពេទ្យ គន្ឋបុប្ជា បានឲ្យដឹងថា ឆ្នាំនេះក្រុមការងារកំប្លែងប្រចាំស៊ីធីអិន បានដើរប្រមែប្រមូលថវិកាជាច្រើន តាមបណ្តាខេត្តក្រុងនានា ដើម្បីធ្វើក្នុងគោលដៅជួយដល់ មន្ទីរពេទ្យគន្ឋបុប្ជាបន្តទៀត ដែលនេះជាលើកទី២។ ​បន្ទាប់ពីបានរៀបចំលើកទី១រួច យើងបានស្នើ​សុំមួយទៀត គឺធ្វើកម្មវិធីមួយទៀត ដែលមានឈ្មោះថា «យុទ្ធ​នាការនៃក្តីសង្ឃឹម» ដោយបានថវិកា​ យកទៅជីកស្រះ​ជូនប្រជាពលរដ្ឋ ធ្វើបន្ទប់ទឹកដល់ក្មួយៗចសាលាមត្តេយ្យ និងសាលាបឋមសិក្សានៅតាមខេត្តស្រុកភូមិ ដែលក្រខ្សត់ បន្ទាប់មកគឺយើងបានជួយសាងសង់ នៅដំបូងសលារៀនដែលបាក់បែក។

អ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បីរូបនេះ បានបន្តទៀតថា ​កម្មវិធី «កាបូបនៃក្តីសង្ឃឹម» ​មិនមានលទ្ធភាពជួយសិក្សានុសិស្ស ដែលមានចំនួនរាប់លាននាក់ ក្នុងប្រទេសយើងទេ ក្រោយមកយើងបានស្នើសុំក្រសួងអប់រំ ដោយធ្វើការជាមួយគ្នាដោយប្រគល់ កាបូបជូនសិស្សថ្នាក់ទី១ប៉ុណ្ណោះ។ ​នេះជាយុទ្ធ​នាការបន្តទៀត សម្រាប់ពេទ្យគន្ឋបុប្ជាយុទ្ធ​នាការទាំងអស់នេះសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿជឿ​ជាក់មកលើរូបលោក ក្រុមតារាកំប្លែងរបស់ CTN ដែលទុកចិត្តពួកយើងផ្តល់ថវិក ដើម្បីសម្រេចគោលដៅ ហើយដោយ​មានការអាណិតស្រឡាញ់ ទោះជាពួកយើងធ្វើការដើររៃអង្គាស ក្រោមពន្លឺថ្ងៃខ្លោចស្បែក ក៏ស៊ូទ្រាំ ​ដើម្បីតែការងារសង្គម ដែលជាសកម្មភាពមនុស្សធម៌ របស់យើង តែងតែធ្វើឡើងជាប្រចាំ៕