(កណ្តាល)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះថា នៅល្ងាចថ្ងៃ២១​ ខែមីនាម្សិលមិញនេះ ក្រុមជំនាញមុជទឹកសំអាតគ្រាប់យុទ្ធភណ្ឌ័ក្រោមទឹករបស់សុីម៉ាក់​ បានបោសសំអាតគ្រាប់ MK82 ដែលជាគ្រាប់ទំលាក់ពីយន្តហោះអាមេរិក​ ស្ថិតឃុំទ្រា​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​។​

លោកបញ្ជាក់ទៀតថា គ្រាប់ MK82 នេះ​ ស្ថិតនៅតំបន់ដែលសុីម៉ាកបោសសំអាតគ្រាប់ MK82 ចំនួន៣គ្រាប់កន្លងមកដែរ។

លោកបន្តថា តំបន់​នេះជាតំបន់ជាយក្រុងភ្នំពេញដែលរងការទំលាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរកាលពីសម័យសង្គ្រាម។​ គ្រាប់បែកនេះ ត្រូវបានដោះបន្សាបប្រកបដោយសុវតិ្ថភាព។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំនិងស្រុក​សហការជាមួយ​កំលាំង​សមត្ថកិច្ចដើម្បីបោសសំអាតឃាតកលាក់មុខនេះ ធានាសុខសុវតិ្ថភាពនិងសន្តិភាពនៃព្រះរាជាណាចក្រ​នេះជានិច្ចតទៅ។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕