(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលតំណាង លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ ម៉ាស៊ីនចម្រោះទឹកស្អាត នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលជាអំណោយមនុស្សធម៌ របស់ក្រុមហ៊ុន GE ជូនដល់មន្ទីរពេទ្យចំនួន១១ នៅក្នុងកម្ពុជា។

កម្មវិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីតំណាងក្រុមហ៊ុន GE និងតំណាងអង្គការ Assist International នៅសាំងហ្គាពួរ នៅសហរដ្ឋអាមេរិក និងនៅកម្ពុជា ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទីនោះប្រមាណ ៤០០ នាក់ បានអញ្ជើញចូលរួមយ៉ាងកុះករផងដែរ។

លោកស្រី អគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែង ក្នុងពិធីនៅថ្ងៃទី២១ ខែមីនានោះ ថា ដោយបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក ជាពិសេស ក្រុមហ៊ុន GE ដែលតែងតែជួយដល់វិស័យសុខាភិបាលនៃកម្ពុជា តាំងពីឆ្នាំ ២០០៩ រហូតដល់ពេលបច្ចុប្បន្ននេះ ក្នុងនោះដែរ ក្រុមហ៊ុន GE បានផ្តល់បរិក្ខាពេទ្យដល់មន្ទីរបង្អែកខេត្តទាំង២៥ រាជធានី-ខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិនានា សរុបជាទឹកប្រាក់ចំនួន១៣ លានដុល្លាសហរដ្ឋអាមេរិកនាពេលកន្លងមក ហើយថ្ងៃនេះ ក្រុមហ៊ុន GE តាមរយៈអង្គការ Assist International បានផ្តល់ជំនួយមនុស្សធ៌មនូវម៉ាស៊ីនចម្រោះទឹកចំនួន ១១ គ្រឿង បន្ថែមទៀត ដែលកំពុងតែប្រារព្ធពិធីនាពេលនេះ និងស្នើសុំឲ្យមានការជួយលើវិស័យសុខាភិបាលនេះជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹក និងការយកចិត្តទុក្ខដាក់ពីលោករដ្ឋមន្រ្តីម៉ម ប៊ុនហេង ជូនដល់ប្រជាពលរដ្ឋទាំងអស់ បន្ទាប់មក លោកស្រី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងត្រូវមានគ្រូពេទ្យប្រចាំការ ២៤ ម៉ោង លើ ២៤ម៉ោង ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោកស្រីបន្ថែមថា សមិទ្ធិផលជាច្រើនដែលក្រសួងសុខាភិបាលសម្រេចបានកន្លងមក គឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នា និងស្ថិតនៅក្រោមការដឹកនាំដ៏ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំនាវាកម្ពុជានូវសុខសន្តិភាពពេញលេញ ចាកផុតពីរបបវាលពិឃាត ប៉ុល ពត មិនមែនដូចអ្នក ដែលមានគំនិតអគិតមួយចំនួន ដែលចេះតែវាយប្រហារវិស័យសុខាភិបាលដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

សូម្បីតែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William A. Heidt ក៏មានការកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា លើគ្រប់វិស័យផងដែរ ពិសេសវិស័យសុខាភិបាលនេះតែម្តង ព្រោះកាលពីមុនយើងមានគ្រូពេទ្យតែជាង ២០ នាក់តែប៉ុណ្ណោះ ហើយឥលូវនេះយើងមានដល់ទៅ ជាង២ម៉ីននាក់ សម្រាប់បំរើ សេវា ដល់ប្រជាជនយើង ដូចនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង នេះស្រាប់ ។

ទន្ទឹមនឹងនោះ លោកស្រី ក៏បានសាកសួរដល់អ្នកជំងឺផ្ទាល់ និងពិនិត្យឃើញថាមានអ្នកជំងឺមកសម្រាកព្យាបាលជាច្រើនពេញបន្ទប់​ ហើយអ្នកជំងឺបានសរសើរដោយផ្ទាល់មាត់គាត់ថា នៅមន្ទីរពេទ្យនេះ មានគ្រូពេទ្យពូកែ និងសេវាល្អ ទើបពួកគាត់មកព្យាបាលនៅទីនេះ ហើយលោកស្រី បានផ្តល់សារអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ ហើយបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយត្ន័ចំពោះសុខភាពចំពោះរដូវក្តៅនេះ ដូចជាត្រូវពិសារទឹកឲ្យបានច្រើន រស់នៅប្រកបដោយអនាម័យស្អាត ហូបស្អាត ត្រូវលាងដៃឲ្យបានញឹកញាប់ អនាម័យចំណីអាហារល្អ ដើម្បីការពារខ្លួងពីជំងឺរាគរូស​ និងជំងឺឆ្លងនានា ចៀសវាងការពុលចំណីអាហារ និងពុលស្រា ត្រូវជៀសវាងការសេពគ្រឿងញៀន ចៀសវាងគ្រោះថ្នាក់ចរាចរ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ៕