(ភ្នំពេញ)៖ ក្នុងការសាកសួរបន្ថែម នៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ អ្នកវិភាគនយោបាយនៅកម្ពុជា នៅតែអះអាងថា សំឡេងផ្សាយនៅក្នុងវិទ្យុអាស៊ីសេរី ដែលនិយាយសម្តៅចោទ គណបក្សប្រជាជនសម្លាប់ លោក កែម ឡី នោះគឺជាសំដីរបស់លោក ពិតប្រាកដមែន ដោយលោកពុំបានបដិសេធចំពោះ សំឡេងនោះឡើយ។ នេះបើតាមការអះអាងរបស់ លោក ជួង ជូងី មេធាវីការពារក្តីរបស់ លោក គឹម សុខ។

លោក គឹម សុខ ត្រូវបានចៅក្រមស៊ើបសួរសាលដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្ស ពន្ធនាគារនាំខ្លួនសាកសួរបន្ថែម រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។ លោកត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យ ប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» ហើយបង្គាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោក បានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕

http://image.freshnewsasia.com/2017/028/fn-2017-03-21-21-35-06-0.JPG