(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោង​ខ្សែរ​សង្វាក់កសិកម្មកម្ពុជា (CAVAC)  បានរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុង​ការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់​និរន្តរ​ភាព​កសិកម្មដំណាំ​ស្រូវនិងការនាំចេញ​អង្ករទៅ​​កាន់ទីផ្សារអឺរ៉ុប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ​ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាង​ក្រសួង​​ពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាង​ក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបាន​កំណត់រក​ដំណោះ​ស្រាយ​សម​ស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។

កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុច​ជាច្រើននិង ​ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)​ដែលពិភព​លោកកំពុងតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ការបារម្ភ​លើផលប៉ះពាល់​សុខភាព។

បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស មន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន នាំចេញ​និងរោងម៉ាស៊ីនកិន​ស្រូវនៅ​ក្នុងស្រុកអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលងាយស្រួលដល់ការគ្រប់គ្រង និង ជៀស​វាងបានការប្រប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នាំឲ្យ​ប៉ះពាល់ទីផ្សារនាំចេញ ក្នុងករណីទិញពីប្រភព មិនច្បាស់លាស់ រួចកិនកែច្នៃ ហើយនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយមានផ្ទុកកាកសំណល់នោះ។

លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាតំណាង​សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើឲ្យជួបប្រជុំជាថ្មី និងឲ្យបានឆាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមទាំងឡាយដែលកើតចេញពីការប្រើប្រាស់ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)។

លោក បានលើកឡើងថា ការជួបប្រជុំគឺដើម្បីឈានទៅដំណោះស្រាយរក​ផលិត​ផលថ្មី សម្រាប់ប្រើប្រាស់ក្នុងការងារ កសិកម្មនៅពេលអនាគត។

ជាចុងក្រោយ អ្នកចូលរួមអង្គសិក្ខាសាលា បានសំណូមពរដល់ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចូលរួមសហការនិងផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រើថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)៕