(ភ្នំពេញ)៖ មន្រ្តីនគរបាលពាក់ស័ក្តិ៣ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋ ដែលត្រូវចាប់ខ្លួនរឿងបាញ់រះជិត១០គ្រាប់ ដោយសារខឹងប្រពន្ធ នៅក្នុងបុរីសម្បត្តិមានហេងនោះ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ ដើម្បីចាត់ការបន្តទៀត។ មុនដំបូងសមត្ថកិច្ចបានបញ្ជាក់ថា ជននេះនឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះ តែដោយសារធ្វើឯកសារសំណុំរឿងមិនទាន់ចប់ ចឹងមានតែរង់ចាំបញ្ជូនទៅថ្ងៃស្អែក។

រហូតមកដល់រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ លោក ស្វាយ ពិសិដ្ឋ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ​បាលខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃម្សិលមិញ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចខណ្ឌច្បារអំពៅ បានដកហូតកាំភ្លើង AK-47 ដែលមន្រ្តីនគរ​បាល​រូបនេះ បានបាញ់រះមុនពេលបើករថយន្តគេចខ្លួន។

នៅក្នុងវិដេអូបានបង្ហាញមន្រ្តីនគរបាលថ្លើមពាសមេឃរូបនេះ បាញ់នៅខាងក្រៅមិនអត់ចិត្ត ពេលជិះក្នុងឡានបើក​ដំបូងរថយន្ត បើកបាញ់ឡើងលើទៀតផង។ បន្ទាប់ពីបាញ់ហើយជននេះ ជននេះបានបើករថយន្តរបស់ខ្លួនយ៉ាងលឿន គេចខ្លួនបាត់ហើយសំណាងណាស់ នៅពេលកំពុងបើក ចេញនោះ មានកូនក្មេងកំពុងជិះកូនកង់លេងនៅខាងក្រោយរថយន្ត ប្រសិនបើបើបានបុកទៀតកូន រឹតតែមានរឿងធំទៀតហើយ។

ការចូលខ្លួនមកសារភាពពីកំហុសរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិន​ឲ្យរួចខ្លួននោះទេ។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីនេះកើតឡើងនៅ​វេលាម៉ោង៥៖៤០​នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាល នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។

បើតាមរបាយការណ៍ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យ​អស់មួយកេស រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។

លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏​យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។

បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕