(បន្ទាយមានជ័យ)៖ នៅក្នុងជំនួបសាកសួរសុខទុក្ខ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ នៅស្រុកបាលិលេយ្យ ក្រុងប៉ោយប៉ែត លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម​នាយកតដ្ឋមន្រ្តី បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមត្រៀមខ្លួន ដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលខ្លី​តែប៉ុណ្ណោះ ដែលការបោះឆ្នោត នឹងចាប់ផ្តើម។

ពិធីជួបសាកសួរសុខទុក្ខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមី​នា ឆ្នាំ២០១៧ ដែលមានការអញ្ជើញ ចូលរួម​យ៉ាង​​ច្រើនកុះករ ពីប្រជាពលរដ្ឋ និង​មានការជួបជុំ ជាមួយមន្រ្តីគ្រូខ្មែរឥស្លាម ចំនួន២២នាក់ នៅមកពីទូទាំង​ខេត្តបន្ទាយមានជ័យ និងប្អូនៗសម្ព័ន្ឋយុវជនមូស្លីមកម្ពុជា ខេត្តបន្ទាយមានជ័យ ផងដែរ។

លោករដ្ឋមន្រ្តីប្រតិភូបន្តថា សន្តិភាពទាំងមូលកើតឡើង ដោយសារតែការលះបង់ ឈាមស្រស់របស់ប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងប្រមុខដឹកនាំ គណៈបក្សប្រជាជនកម្ពុជា។ ​សន្តិភាព​នៅតែបន្តកើតមាន ក៏ដោយសារតែការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ របស់បងប្អូន ក្នុងការជ្រើសរើសមេដឹកនាំ​ដ៏ត្រឹមត្រូវ ហេតុនេះ សូមឲ្យការសម្រេចចិត្ត ដ៏ត្រឹមត្រូវនេះ សូមមេត្តាបន្តនៅជាមួយជម្រើស ដ៏ល្អរបស់បងប្អូន ដើម្បីយើងបន្តរស់នៅលើនាវាសន្តិភាពជាមួយគ្នា និង​ការអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា។

នៅក្នុងជំនួបនេះ ប្រជាពលរដ្ឋបានអបអរសាទរ និង កោតសរសើរពីការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅ របស់ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ខណៈ​ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូខ្មែរឥស្លាម ក៏បានសម្តែងការត្រេកអរ ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាល រំដោះទុក្ខលំបាករបស់ពួកគាត់ ដែលបង្រៀនទាំងគ្មានប្រាក់បៀវត្ស រាប់ទស្សវត្សន៍​កន្លងទៅ ហើយក្នុងសម័យតេជោ ពួកគាត់មានសំណាងល្អ មិនអាចកាត់ថ្លៃបាន​៕