(ភ្នំពេញ)៖ ទេសាភិបាលរងធនាគារជាតិ លោក ស៊ុំ សន្និសិទ្ធ ត្រូវបានអញ្ជើញជាវាគ្មិនក្នុងការចែករំលែកបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ស្ថិតិធនាគារកណ្តាល រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៧។

ការអញ្ជើញចូលរួមជាវាគ្មិននេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ពីការផលិត និងការគ្រប់គ្រងទិន្នន័យ​ក្នុងតំបន់។ កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងធនាគារកណ្តាលមកពីអាស៊ីអឺរ៉ុប និងអាមេរិកឡាទីន ធនាគារសម្រាប់ការ​ទូរទាត់អន្តរជាតិ (BIS) និងធនាគារកណ្តាលអឺរ៉ុប (ECB) ប្រមាណ២៤ប្រទេស និងស្ថាប័នដែលមានអ្នក​ចូលរួមប្រមាណ​១០០នាក់។

លោក ស៊ុំ សន្និសិទ្ធ បានលើកឡើងពីវឌ្ឍនភាពនៃស្ថិតិដែលធនាគារជាតិនៃកម្ពុជា ទទួលបន្ទុកដំឡើងស្ថិតិ​ជញ្ជីងទូទាត់​ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ សូរចនាករស្ថិរភាពហិរញ្ញវត្ថុ ស្ថានភាពវិនិយោគអន្តរជាតិ បំណុលក្រៅប្រទេស និងស្ថិតិសំខាន់​ដទៃទៀត។

លោកថា បច្ចុប្បន្នស្ថិតិទាំងនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងជាលំដាប់ និងកាន់តែមានភាពសុក្រឹត ហើយសាធារណជនអាច
ទទួលទិន្នន័យទាំងនេះបានងាយស្រួល តាមរយៈគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានោះលោក ស៊ុ សន្និសិទ្ធ បានចែករំលែក ទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងការិយាល័យស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ AMRO ផងដែរ។ លោកថា ធនាគារជាតិនៃកម្ពុជាបានសហការ​ដើម្បីពង្រឹងគុណភាពស្ថិតិនៅ​ក្នុងតំបន់ និងត្រៀមខ្លួនដើម្បីកិច្ចសហការនានា ក្នុងគោលបំណងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕