(ភ្នំពេញ)៖ រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោង​ទទួលសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលបច្ចេកទេសជួសជុលរថយន្ដ រយៈពេល៣ឆ្នាំ​ នៅប្រទេសរបស់ខ្លួន ប៉ុន្ដែមុននឹងទទួលសិក្ខាកាម គ្រូជប៉ុននឹងបង្រៀនសិក្ខាកាមឲ្យចេះនិយាយភាសាជប៉ុនជាមុនសិន។

លោក ពេជ សោភ័ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការបណ្ដុះបណ្ដាលជាងរថយន្ដ រវាង​កម្ពុជា និងជប៉ុននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារកម្ពុជា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុន ក្នុងការបណ្ដុះបណ្ដាលជំនាញ​ និងបច្ចេកទេសជួសជុលរថយន្ដ សំដៅរួមចំណែកដល់ការពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុល ថែទាំរថយន្ដនៅកម្ពុជា។

រដ្ឋមន្រ្តីស្ដីទីបានថ្លែងថា «រដ្ឋាភិបាលជប៉ុនបានបញ្ជូនអ្នកស្រាវជ្រាវជប៉ុន មកកម្ពុជា ដើម្បីសិក្សាអំពីការបណ្ដុះបណ្ដាលជំនាញថែទាំ និងឈៀករថយន្ដ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពលើជំនាញនេះនៅកម្ពុជា»។ ជាមួយគ្នានោះ​ ជប៉ុននឹងបង្រៀនផ្នែកភាសាជប៉ុន ដល់សិក្ខាកាមកម្ពុជា នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស មុននឹងទទួលសិស្សទៅធ្វើកម្មសិក្សា​ក្នុងប្រទេសរបស់ខ្លួនរយៈពេល៣ឆ្នាំ។

ក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ដែលស្ថិតក្រោមឱវាទក្រសួងការងារ មានគ្រឹះស្ថានចំនួន១២ ទទួលបានវិញ្ញាបណ្ណបត្រកម្រិតអន្ដរជាតិ លើ​បទដ្ឋានគ្រប់គ្រងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ និងមានគ្រឹះស្ថានចំនួន១១ ដែលមានផ្ដល់ការបណ្ដុះបណ្ដាល​ផ្នែកមេកានិក រថយន្ដ វិស្វកម្មរថយន្ដ យន្ដសាស្រ្ដរថយន្ដ និងជួសជុលរថយន្ដ។ លោកថា «ដោយមើលឃើញពីសារៈសំខាន់នៃជំនាញនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុន ក៏បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរបទពិសោធន៍អំពីជំនាញជួសជុលរថយន្ដនេះ»

លោក ពេជ សោភ័ន បានជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាលជប៉ុន ថានឹងជួយបំពេញបន្ថែមរាល់ចំណុចខ្វះខាត ក្នុងវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសផ្នែកជួសជុលរថយន្ដ ដោយក្នុងនោះ មានការបន្ថែមនូវការពង្រឹងគុណភាពគ្រូ ការផ្ដល់ជំនួយបច្ចេកទេសដល់កម្ពុជា៕