(ភ្នំពេញ)៖ ដោយសារតែអត់ទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បាននាំគ្នាទៅតវ៉ានៅសាលាសង្កាត់ សុំឲ្យអង្គភាព​រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ជួយតបណ្ដាញទឹកស្អាត ជូនពួកគាត់ប្រើប្រាស់ផង។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា «នៅក្នុងភូមិខាងលើ មានច្រើនគ្រួសារ ដែលមានទឹកស្អាតប្រើរួចហើយ តែពួកគាត់២០គ្រួសារនៅមិនទាន់មាននៅឡើយទេ»។

ពលរដ្ឋជាង២០គ្រួសារខាងលើនោះ បានលើកឡើងថា ពួកគាត់នៅក្នុងភូមិនេះ បែរជាគ្មានសំណាងមាន​ទឹកស្អាតប្រើប្រាស់ដូចគេ ទើបលើកគ្នា ទៅកាន់សាលាសង្កាត់ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ផង។

ប្រជាពលរដ្ឋបាននិយាយថា កាលពីពេលកន្លងទៅពួកគាត់ទាំង២០គ្រួសារនោះ រួមជាមួយ និងអ្នកភូមិព្រៃសណ្ដែក ទាំងបាននាំ​គ្នាផ្ដិតមេដៃស្នើ សុំទៅកាន់រដ្ឋាករទឹកតាមរយៈអាជ្ញាធរភូមិ-សង្កាត់រួចមក លុះក្រោយមកបានឃើញ មន្រ្តីអង្គភាពរដ្ឋាករទឹកចុះ ទៅតបណ្ដាញទឹកស្អាតមែន ធ្វើឲ្យពួកគាត់មានចិត្តត្រេកអរខ្លាំងណាស់ ដោយនឹកស្មានថា បានទឹកប្រើប្រាស់ហើយ។ ប៉ុន្តែផ្ទុយទៅវិញបែរជាក្ដីសង្ឃឹម បានរលាយបាត់អស់ ព្រោះតែខាងរដ្ឋាករទឹក មិនបានតដល់ផ្ទះពួកគាត់ឡើយ គឺតតែតាមផ្ទះមួយចំនួនប៉ុណ្ណោះ ចំណែកផ្ទះពួកគាត់ ត្រូវបានធីបចោលតែម្ដង ទើបពេលនេះ ពួកគាត់រត់រកអាជ្ញាធរឲ្យជួយ ព្រោះពួកគាត់កំពុងខ្វះខាតទឹកដើម្បីប្រើប្រាស់។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា «ការប្រមូលផ្ដុំគ្នានាពេលនោះ ពួកយើងមានបំណងសុំឲ្យអាជ្ញាធរជួយពន្លឿនដល់ ខាងរដ្ឋា​ករ​ទឹក ជួយតទឹកឲ្យពួកគាត់ឲ្យបានឆាប់ផង ព្រោះពួកយើងកំពុងមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ហើយស្នើរសុំឲ្យ​ខាងរដ្ឋាករ​ទឹកមេត្តា ជួយដល់ពួកយើងផង ព្រោះពួកយើងក៏ជាអ្នកភូមិព្រៃសណ្ដែកដែរ មិនមែនអ្នកក្រៅឯណា ហេតុអ្វីទើបមិន​តឲ្យពួកគាត់បែបនេះ»។

យ៉ាងណាក៏ដោយអង្គភាព Fresh News នៅថ្ងៃនេះមិនទាន់អាចសុំការស្វែងរកការបកស្រាយ បាននៅឡើយទេ ពីមន្រ្តីរដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ៕