(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានថ្លែងជំរុញទៅកាន់លោកគ្រូ-អ្នកគ្រូ និងក្រុមយុវជនប្រចាំសាលាទាំងអស់ បង្កើនភាពស្និទស្នាល ជាមួយអាណាព្យាបាលសិស្សានុសិស្សទំាំងអស់ ដើម្បីអប់រំ និងណែនាំដល់កូនៗរបស់ខ្លួន ឲ្យកែលម្អ ខិតខំរៀន សូត្រកាន់តែប្រសើរឡើង ចៀសវាងគេចសាលា និងទៅប្រព្រឹត្តបទល្មើសផ្សេងៗ នាំឲ្យមានផលលំបាកដល់សង្គមជាតិ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអញ្ញើញជាអធិបតី ក្នុងពិធីបព្ចាះបឋមសិលាសាងសង់ សាលាបឋមសិក្សាណងស៊ុង (ហៅអូរកេស) ស្ថិតនៅក្នុងភូមិអូរកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការ អញ្ជើញចូលរួមពីអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ-ស្នងការ ព្រមទំាំងមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញឲ្យមានការ​ផ្សព្វផ្សាយ​ដល់​ សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា៖ ​តាមរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ, ត្រូវពង្រឹង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ឲ្យ​ម៉ឺងម៉ាត់ ជាពិសេសលើ​ការ​គ្រប់គ្រង​សីលធម៌ និង​វិន័យដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ។

លោកបានថ្លែងយ៉ាងដូច្នេះទៀតថា «ត្រូវជំរុញ​ដំណើរការ​របស់​ក្រុម​យុវជន ក្រុម​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព មិត្ត​អប់រំ​មិត្ត។
ត្រូវធ្វើ​ទំនាក់​ទំនង​ជិត​ស្និទជាមួយ​មាតា​បិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍ដើម្បី​សហការគ្នា អប់រំ ណែនាំ កែ​លម្អសិស្សានុសិស្ស​បាន​ទាន់​ពេល​វេលា»។

លោកគ្រូ-អ្នកគ្រូ និងប្អូនសិស្សានុសិស្ស បានថ្លែងអំណរអគុណដល់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដោយមិនបានបោះបង់ពួកគាត់ឡើយ បើទោះពីផ្ទះរបស់ពួកគាត់មានទីតាំងដាច់តំបន់ស្រយ៉ាល ឆ្ងាយពីទីប្រជុំជន និងទីរួមខេត្តក៏ដោយ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញការរីករាយ ដែលបានអញ្ញើញមកបញ្ចុះបឋមសិលាថ្ងៃនេះ ហើយក៏បាន កោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើម ការខិតខំប្រឹងប្រែងរបស់ មន្ទីរអប់រំ យុវជន និងកីឡា លោកនាយកគ្រប់គ្រង់សាលា លោកគ្រូ អ្នកគ្រូ សប្បុរជន ដែលបានផ្ដល់នូវជំនឿជឿជាក់រួបរួមសាមគ្គីគ្នា ក្នុងការក្នុងសាលាបឋមសិក្សាណងស៊ុង (ហៅអូរកេស) សម្រាប់ ទុកជាទីគាប់ប្រសើរក្នុងវិស័យអប់រំរបស់កម្ពុជាយើង។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រាប់ទៅក្មួយៗចៅៗ លោកគ្រូ អ្នកគ្រូ អាជ្ងាធរ និងអាណាព្យាបាល ចូលរួមថែរក្សាសំណង់អគារ សិក្សា ឲ្យបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង និងជូនពរ ក្មួយៗ ចៅៗសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សានិងមាន អនាគតល្អគ្រប់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្ដល់អំណោយជាសម្ភារ និងថវិកាមួយចំនួនជូន ៖
១.លោកគ្រូ អ្នកគ្រូ២៧នាក់ ២០.០០០រៀល និងសារ៉ុង១
២.ក្មួយៗសិស្សានុសិស្ស១៦៥នាក់ ទទួលបានបិច១ដើម សៀវភៅ៤ក្បាល កាបូពស្ពាត១ និងលុយ៣០០០រៀល
៣.កងកម្លាំងនរគបាលការពារ ៥០.០០០០រៀល
៤.កម្លាំងកងរាជអាវុធហត្ថ ៣០.០០០០រៀល
៥.ប្រជាការពារភូមិថវិកា ៣០.០០០រៀល សារ៉ុង១
៦.ក្រុមជាង២២នាក់ ២០.០០០រៀល សារ៉ុង១
៧.សាលាបឋមសិក្សាអូរកេស ១.០០០.០០០រៀល
៨.ក្រុមគ្រូពេទ្យ២០.០០០រៀល សារ៉ុង១
៩.ប្រជាពលរដ្ឋចូលរួមចំនួន១០០០នាក់ ម្នាក់ៗទទួលបានថវិកា សារ៉ុង១ ១០.០០០រៀលផងដែរ៕