(កំពត)៖ នៅព្រឹកថ្ងៃទី​ ២១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់អំណោយមនុស្សធម៌ជូនចាស់គ្មានទីពឹង​ គ្រួសារទីទ័លក្រ​ គ្រួសារជនពិការ​ និងអ្នក រស់នៅជាមួយ​មេរោគអេដស៍ ចំនួន​ ៦៨៨គ្រួសារ​ ដែលរស់នៅក្នុងភូមិចំនួន ៣៩  ក្នុងឃុំចំនួន​ ៩​ នៃស្រុកជុំគិរី​ និងស្រុកឈូក​ ខេត្តកំពត។

ក្នុងពិធីសំណេះសំណាល​នោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានផ្តាំសួរសុខទុក្ខ​ និងបាន​ជម្រាបជូន​ប្រជាពលរដ្ឋនូវអនុសាសន៍មួយចំនួនរួមមាន​៖​
១៖​ សូម ត្រៀមបង្ការចំពោះការកើនឡើងកម្តៅខ្លាំង​ និងកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។​
២៖​ សូមប្រុងប្រយ័ត្នចំពោះ​ ខ្យល់កន្ត្រាក់​ ខ្យល់ព្យុះ​ និងភ្លើងឆេះផ្ទះ។​
៣​៖ សូមពិសារទឹកដាំឆ្អិន​ និងពិសារឱ្យបានច្រើនដើម្បីសុខភាពល្អ។​
៤៖​ សូមគោរពច្បាប់ចរាចរណ៍​ និងជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់​នៅតាម​ដងផ្លូវ។​
៥៖​ សូមអាណាព្យាបាលណែនាំកូន-ក្មួយ​ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន​ ដែលជាប្រភពនៃអំពើហិង្សា​ ចោរកម្ម​ ចារកម្ម​ និងអសន្តិសុខ។​
 ៦៖ សូមស្ត្រីមានផ្ទៃពោះ​ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដើម្បីសុខភាព​ និងសុវត្ថិភាពទាំងម្តាយ​ និងកូន។

ប្រជាពលរដ្ឋទាំងអស់​ មានក្តីរំភើប​ និងសប្បាយរីករាយឥតឧបមា​ ព្រោះបានកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា​ និងមិនមានការរើសអើងអ្វីឡើយ។​

សម្រាប់គ្រួសារនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជារួមមាន ៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ នំប៉័ង​ ១ដើម​ ទឹកសុទ្ធ​ ១ដប មុង​១ ​ភួយ​១​ សារុង១​ និងក្រមា១។​ ដោយឡែក​ ប្រគេនព្រះសង្ឃគង់នៅវត្តអង្គចក​នូវ​ អង្ករ​ ៩០គីឡូក្រាម​ មី​៥កេស​ ត្រីខ​៥០កំប៉ុង​ និងបច្ច័យ​៤០០,០០០រៀល៕