(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន ក្នុងនាមមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បានអះអាង ប្រាប់អង្គភាព Fresh News នៅមុខនេះបន្តិចថា លោកនឹងដាក់ពាក្យប្តឹងបុគ្គល Vanna Hay ពីបទប្រមាថសម្តេចវិបុលបញ្ញា សុខ អាន ជាសាធារណៈ តាមរយៈមេធាវីរាជរដ្ឋាភិបាល នៅក្នុងសប្តាហ៍នេះ បើទោះបីបុគ្គល Vanna Hay សរសេរលិខិតសុំទោសក៏ដោយ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា ការដាក់ពាក្យបណ្តឹងនាពេលនេះ គឺមិនមែនទាមទារឲ្យបុគ្គល Vanna Hay ចេញមកសុំទោសជា សាធារណៈ ហើយរួចខ្លួននោះទេ ប៉ុន្តែការប្តឹងនេះគឺធ្វើឡើងដើម្បីពង្រឹងនីតិដ្ឋនៅកម្ពុជា និងដើម្បីទប់ស្កាត់ការបញ្ចេញមតិយោបល់អសីលធម៌ របស់បុគ្គលមួយចំនួន ដែលខុសពីការពិត និងមិនសមហេតុផលជាដើម។

លោក ផៃ ស៊ីផាន ក្នុងនាមមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តីធ្លាប់បានលើកឡើង​ថា បុគ្គលឈ្មោះ Vanna Hay ប្រមាថទឹកភ្នែកប្រជាជន រាប់លាននាក់នៅកម្ពុជា បូករួមទាំងឥស្សរជនជាន់ខ្ពស់បរទេសដែលបានសម្តែង​ទុក្ខក្រៀមក្រំ ចំពោះការបាត់បង់សម្តេច វិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

គួរបញ្ជាក់ថា បុគ្គល Vanna Hay បានចូល Comment នៅលើ Staus ដែលបណ្តាញសង្គម Facebook បានបង្ហោះលិខិតសុំទោសអម ជាមួយរូបថតកាន់ ទុក្ខ មួយសន្លឹករបស់សម្តេចវិបុលបញ្ញា សុខ អាន។ នៅក្នុង Comment នោះបុគ្គល Vanna Hay បានសរសេរថា «ទៅចុះនរកទៅ» ពាក្យនេះហើយដែលធ្វើឲ្យលោក ផៃ ស៊ីផានចាត់ទុក្ខថា ជាការប្រមាថយ៉ាងធ្ថន់ធ្ងរបំផុត ហើយមិនអាចទទួលយកបានឡើយ៕