(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការជាមួយ​កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យការស្នាក់ និងធ្វើការរបស់ជន​ជាតិបរទេស​ ក្នុងរោងសិប្បកម្មកែច្នៃឈើ និងឃ្លាំងឈ្មោះត្រាំពេជ្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា នៅពេលចុះត្រួតពិនិត្យនោះ ជនជាតិវៀតណាមចំនួន១៥នាក់ និងជនជាតិថៃចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនដោយសារ​គ្មានឯកសារ​ត្រឹមត្រូវ។

លោកបានបញ្ជាក់ថា «ពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជនជាតិវៀតណាម និងថៃទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕