(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២១ ខែមីនា ឆ្នា២០១៧នេះ បានដាស់តឿនទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រួវតែចេះមានម្ចាស់ការនៅលើខ្លួនឯងឲ្យបានច្រើន ចៀសវាងមានគ្រោះអគ្គិភ័យហើយ រង់ចាំឲ្យសមត្ថកិច្ចទៅជួយអន្តរាគមន៍។

ការដាស់តឿនយ៉ាងដូច្នោះ ស្របពេលដែលលោក វ៉ី សំណាង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ​ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ និងមានការចូលរួមពី លោកឧត្តម សេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មេបញ្ជាការអាវុធហត្ថខេត្ត កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ១៥០០នាក់ ដែលធ្វើឡើងនៅទីវាលបាល់ទាត់ របស់សាលាខេត្តកំពង់ស្ពឺ។

លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់អង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យជំរុញការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការចូលរួមទប់ស្កាត់អគ្គីភ័យ ជាពិសេសនៅពេលមានអគ្គិភ័យកើតឡើង ប្រជាពលរដ្ឋគ្រប់មជ្ឈដា្ឋនសហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវតែធានាបានមាននូវឧបករណ៍ពន្លត់អគ្គិភ័យ និងចេះទប់ស្កាត់បឋមមុនកម្លាំងជំនាញអន្តរាគមន៍មកដល់។

លោកបានបន្ថែមទៀតថា អាជ្ញាធរពាក់ព័ន្ធ ត្រូវបិទផ្សាយនូវលេខទូរស័ព្ទ កម្លាំងអន្តរាគមន៍ ប្រចាំការនៅតាមទីសាធារណៈ ទីប្រជុំជន នានាសម្រាប់ ប្រជាពលរដ្ឋ ទំនាក់ទំនងបានគ្រប់ពេលវេលា។

លោក វ៉ី សំណាង បានថ្លែងនូវការកោតសរសើរចំពោះកម្លាំងជំនាញអគ្គីភ័យ ដែលបានលះបង់ ខ្ពស់ក្នុងការ អន្តរាគមន៍ ចុះជួយបាញ់ពន្លត់គ្រប់គ្រោះអគ្គីភ័យ ដែលបង្ករ ជាវិនាសកម្មផ្សេងៗ ចំពោះប្រជាពលរដ្ឋ។

ស្របពេលដែល ខេត្តកំពង់ស្ពឺ កំពុងមានការរីកចម្រើនផ្នែកសំណង់ អគារផ្ទះល្វែង គ្រប់ប្រភេទជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្តបានខិតខំពង្រឹងវិធានការមធ្យោបាយ គ្រប់ប្រភេទក្នុងការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ ធានារក្សាប្រយោជន៍ជូនសាធារណជន និងប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះ លោកអភិបាល បានជំរុញការលើកទឹកចិត្ត ឲ្យកម្លាំងទាំងអស់ត្រូវចាត់ទុកថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យគឺជាបងប្អូន សាច់ញាតិ របស់យើងគ្រប់ៗគ្នា និងមិនត្រូវប្រកាន់បក្សពួកឡើយ។

ក្នុងនោះផងដែរ បើតាមរបាយការណ៍លោកឧត្តមសេនីយ៏ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានបង្ហាញថា គ្រោះថ្នាក់ដោយសារអគ្គិភ័យ ទោះជាមានការថយចុះមែន តែអ្វីដែលគួរឲ្យកត់សម្គាល់ បើប្រៀបធៀបឆ្នាំកន្លងទៅ នៅទូទាំងខេត្តមានករណីអគ្គីភ័យកើតឡើងទៅលើផ្ទះ ឬរោងកសិដ្ឋានតិចតួចតែប៉ុណ្ណោះ ដោយមានករណីផ្សេងទៀតបានបំផ្លិចបំផ្លាញ ផ្ទះ រោងចក្រ។ល។ របស់ប្រជាពលរដ្ឋ ភាគច្រើនបណ្តាលមកពិការធ្វេសប្រហែសទើប បណ្តាលឲ្យមានអគ្គិភ័យទាំងនេះកើតឡើង៕