(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា។

សម្តេចតេជោ ក៏បានកោតសរសើរចំពោះ JICA ដែលបានសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំឲ្យ JICA បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យ ដោះមីនទាំងផ្នែកបច្ចេកទេស និងថវិកា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច បានអនុញ្ញាតឲ្យលោក ADACHI ISTU ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមុនពេលបញ្ចប់អាណត្តិនៅកម្ពុជា នៅវិមានសន្តិភាពនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ហើយត្រូវបានបង្ហោះតាម Page Facebook របស់សម្តេច។

លោក ADACHI បានបន្ថែមថា លោកផ្ទាល់បានចងចាំអំពីសមិទ្ធិផលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា (អ្នកលឿង) ដែលលោកថា ស្ពានទាំងពីរនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីលើនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ស្ពានទាំងពីរដែលសម្តេច បានចងចាំមិនភ្លេចនោះ គឺមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តភ្ជាប់ទំនាក់ទំនង ក្នុងតំបន់ទាំងមូល ដែលនឹងជួយដល់ការអភិវឌ្ឍ ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងទេសចរណ៍ជាដើម។ ការវិនិយោគ និងការដាក់ទុនរបស់ជប៉ុនក្នុងការសាងសង់ស្ពាននេះ គឺចំចំណុចអាទិភាពដែលកម្ពុជាត្រូវការបំផុត។

ក្រៅពីនោះសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក ADACHI ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មថ្មីបន្ទាប់ ពីលោកវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ។

គួរបញ្ជាក់ថា លោក ADACHI បានមកបំពេញការងារនៅប្រទេសកម្ពុជា ចំនួន២អាណត្តិហើយ ដោយអាណត្តិទី១នៅឆ្នាំ ២០០១-២០០៣ និងអណត្តិទី២ឆ្នាំ ២០១៥-២០១៧នេះ។ លោក ADACHI បានបញ្ជាក់ថា លោកពិតជាមាន កិត្តិយសដែលបានចូលរួមចំណែកក្នុងស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងវិស័យ ដោះមីនជាដើម៕