(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា យោងតាមរបាយការណ៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំនៅកម្ពុជា ​មានការរីកចម្រើនគួរជាទីមោទនៈ ពោលគឺសាលា​មត្តេយ្យ​សិក្សា សា​លាចំ​ណេះ​ទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស-និស្សិតគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គា​ល់​។

តែយ៉ាងនេះក្តីលោកស្រី ម៉ែន សំអនថា «បើទោះជា​ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានសមិទ្ធផលធំៗជាច្រើន គួរឱ្យកត់សម្គាល់ក្តី ក៏ក្រសួងនៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះ​ស្រាយជាបន្តបន្ទាប់ និង​ជា​ប្រចាំពិសេសនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅ រយៈពេលបីឆ្នាំ ចុងក្រោយនេះ»។ ការប្រឈមទាំងនោះរួមមា​ន គុណភាពអប់រំ គុណភាពគ្រូ តុល្យភាពរវាងថ្នាក់រៀន និងចំនួនសិស្សដែ​ចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពស៊ីសង្វាក់គ្នារវាង​ការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ។​

ជាមួយគ្នានោះលោកស្រី ម៉ែន សំអន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល​ បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្ម​ក្នុងកា​រ​កសា​ងហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើត សាលារៀនឲ្យបានច្រើនថែមទៀ​ត ដែលជាការវិនិយោគរយៈពេលវែង ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ សំដៅ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់នូវវដ្តនៃភាពក្រីក្រ តាមរយៈការផ្ដល់ឱកាសទទួលបាន សេវាអប់រំ និងចំណេះដឹង ដល់ប្រជាជ​នទូទៅទាំងអស់គ្នា។

កន្លងមកនេះសាលារៀន ត្រូវបានសាងសង់គ្រប់ច្រកល្ហ​ក ​រហូតដល់ភូមិដាច់ស្រយាល​ ក្នុងគោលដៅបង្ខិតសាលារៀន ឱ្យទៅជិតលំ​នៅឋាន​​របស់ប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួលថែមទៀត ដល់កូនចៅប្រជាជន ក្នុងការសិក្សាជាពិសេស សម្រាប់សិស្សនារី។ លោកស្រី ម៉ែន សំអន បានថ្លែងបែបនេះ ខណៈលោកស្រីចូលរួមនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហង់ ជួន ណារ៉ុន និងសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលយ៉ាងច្រើនកុះករ។

បន្ថែមពីលើនេះឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានផ្តល់គំនិ​មួយចំនួន ដើម្បីរួមចំណែកដល់កិច្ចពិភាក្សា​ របស់អង្គសន្និបាតចំនួន៨ចំណុចសំខាន់ៗរួមមាន៖

ទី១៖ អង្គសន្និបាតគួរផ្ដោតការពិភាក្សា ដើម្បីស្វែងរកវិធីសាស្រ្ត និងដំណោះស្រាយឱ្យកាន់តែប្រសើរឡើង សំដៅសម្រេចបាន គោលដៅអប់រំជា​តិ និងគោលដៅអប់រំសកលឆ្នាំ២០៣០ ដែលតម្រូវឱ្យប្រទេសនីមួយៗធានា​ឲ្យ មានការអប់រំ ប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន ហើយធានាឱ្យមានការសិក្សាមួយជីវិត សម្រាប់ទាំងអស់គ្នា។

ទី២៖ ដោយទំនាក់ទំនងនិង​កិច្ចសហការរវាង​លោកគ្រូ អ្នកគ្រូ និងមា​តា​បិតា អាណាព្យាបាល គ្រួសារសិស្ស-និស្សិត សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មានឥទ្ធិពលជាវិជ្ជមាន​ទៅលើការសិក្សាអប់រំ ការណែនាំកែលម្អ និងការទប់ស្កាត់កុំឱ្យកុមារ និងយុវជនធ្លាក់ ក្នុងអំពើអសកម្ម​​ណា​មួយជាយថាហេតុ អង្គសន្និបាតគួររិះរកយន្តការនានា ដើម្បី​លើកកម្ពស់នូវ​កិច្ច​សហការទាំងនេះ ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ទី៣៖ គុណភាពអប់រំត្រូវកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែ​ងរបស់សិស្ស​-និស្សិត និងគ្រូបង្រៀន។ ដូច្នេះយើងគួរយកចិត្តទុកដាក់ លើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក​សិក្សា បង្កើនប្រសិទ្ធភាពការងារ​វិក្រឹតការគ្រូបង្រៀន​គ្រប់កម្រិត និងការពង្រាយគ្រូឱ្យបានសមស្របតាម​ស្ថា​ន​ភាពជាក់ស្ដែងរបស់មូលដ្ឋាន ជាពិសេសការរិះរកមធ្យោបាយនានា ​​ក្នុងការ​លើក​ទឹកចិត្តគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ព្រ​ម​ទាំងបង្កើនការងារអធិការកិច្ច និងវាយតម្លៃនៅតាមសាលារៀន និងគ្រឹះស្ថានសិក្សាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន។

ទី៤៖ គួរបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវភៅសិក្សា ឧបករណ៍​សម្ភារ​បច្ចេកទេសបង្រៀន រៀន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យស្របតាមតម្រូវការជាក់ស្ដែងនៃការរីកចម្រើន របស់វិស័យអប់រំនៅគ្រប់កម្រិតចា​ប់ពី​មត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា។

ទី៥៖ ក្រៅពីការងារអប់រំ អង្គសន្និបាតគួរយកចិត្តទុកដាក់ពិភាក្សា​លើ​ការអភិវឌ្ឍយុវជន និងកីឡា ដែលជាសមាសភាគដ៏សំខាន់ ក្នុងចំណោមសមា​សភាគអប់រំទាំងប្រាំ គឺការអប់រំសីលធម៌ ការអប់រំបញ្ញា ការអប់រំកាយ ការអប់រំពលកម្ម និង ការអប់រំសោភ័ណ ដើម្បីសម្រេចឱ្យបាន «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ចំពោះវិស័យកីឡា គួរបន្តខិតខំរៀបចំ កីឡាដ្ឋាន និងលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំកាយ និងការហ្វឹកហាត់កីឡា នៅតាមគ្រឹះ​ស្ថានសិក្សានានា និងជំរុញការប្រកួតកីឡាសិស្ស-និស្សិត និងកីឡាមហាជនឱ្យបានទូលំទូលាយ និងជា​ប្រចាំ។

ទី៦៖ ដោយសារចំណេះដឹង ដែលពាក់ព័ន្ធនឹងបំណិនជីវិត មានសារៈសំខាន់ក្នុងជីវិត រស់នៅប្រចាំថ្ងៃក្នុងសង្គម អង្គសន្និបាតគួរពិភាក្សារិះរកមធ្យោ​បាយ និងវិធីសាស្រ្តសំដៅលើកកម្ពស់ការបង្រៀន និងការរៀនមុខវិជ្ជាបំណិនជីវិតនេះ នៅតាមសាលារៀនចំណេះទូទៅ និងថ្នាក់ក្រៅប្រព័ន្ធសម្រាប់យុវជ​ន​បាត់បង់ឱកាស។

ទី៧៖ ចំពោះគ្រឹះស្ថានឧត្តមសិក្សា គួរជំរុញថែមទៀតការចូលរៀនមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈឆ្នៃប្រឌិត និងគណិតវិទ្យា និងលើកកម្ពស់ការសិក្សាស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីនៅនឹងការអនុវត្តជាក់ស្តែង ហើយលទ្ធផលនៃការស្រាវជ្រាវត្រូវលើកទឹកចិត្ត ឱ្យបោះពុម្ពក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្ត ជាពិសេស ទិនានុប្បវត្តិវិទ្យាសាស្រ្តក្នុងតំបន់ និ​ងអន្តរជាតិ។

ទី៨៖ ដោយ​ការអប់រំ គឺជាការវិនិយោគរយៈពេលវែង និងមានវិសាលភាពធំធេង ខ្ញុំសូមអំពាវនាវឱ្យមាន​ការយកចិត្ត​ទុក​ដាក់ខ្ពស់​លើការកៀរគរហិរញ្ញប្បទាន ការជំរុញកំណែទម្រង់អភិបាលកិច្ចក្នុង​វិស័យ​អប់រំ​​ឱ្យ​កាន់​​តែ​មា​ន​​​ប្រសិទ្ធភាព​ខ្ពស់ ការផ្សារភ្ជាប់ការ អប់រំទៅនឹងការអភិវឌ្ឍ និង​ការ​ជំរុញ​​វិទ្យាសាស្ត្រ​ បច្ចេកទេស និង​នវានុវត្តន៍។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅក្នុងពិធីនោះ បានអំពាវនាវដល់​ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយ បន្តចូលរួមចំណែក និងបន្តការគាំទ្របន្ថែមទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ តាមសសរស្តម្ភ៥ រួមមាន៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន, ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាសៀវភៅសិក្សាគោល​ និង​ការកែលម្អបរិស្ថាន​សិក្សា, ការ​​ដាក់ឱ្យអនុវត្តអធិការកិច្ច, ការពង្រឹងការវាយតម្លៃសិក្សាតាមរយៈការប្រឡង ការ​ធ្វើតេស្តវាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ, ការកែទម្រ​ង់​ឧត្តមសិក្សា។

ជាមួយគ្នានោះដែរលោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំង អ្នកពាក់ព័ន្ធ ទាំងឡាយនៃក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ ផ្នែកឯកជន និងបណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាន រួមចំណែកសម្រេចបាននូវសមិទ្ធផល ក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងបានចូលរួមអនុវត្តកំណែទម្រង់ និងយកចិត្តទុក​ដាក់ខ្ពស់លើការលើកកម្ពស់គុណភាពអ​ប់​រំ​ នៅកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវការផ្តល់​កិច្ចសហការ​ជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មបំពេញការងារក្នុងឆ្នាំសិក្សាកន្ល​ង​ទៅនេះ ប្រកបដោយជោគជ័យ។

លោកស្រី ម៉ែន សំអន សម្តែងការជឿជាក់ថា អង្គសន្និបាតនឹង​ដំណើរការយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងលើកជា មតិយោបល់ ដើម្បីប្រមូល បាននូវធាតុចូលល្អៗ និងបង្កើតបានជាទិសដៅ សម្រាប់អនុវត្តក្នុងបណ្តាឆ្នាំខាងមុខ។ លោកស្រី ថែ្លងថា អង្គសន្និបាតនឹងទទួលបានលទ្ធផលល្អ ជាពិសេស​នឹង​ទទួល​បាន​អនុសាសន៍ ​ណែ​នាំប្រកប​ដោយគតិបណ្ឌិត របស់សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុង​ពិធី​បិ​ទ​​សន្និបាត​នេះ៕