(ភ្នំពេញ)​៖ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ខាង​មុខ​នេះ​ តុលាការ​កំពូល​ នឹង​បើក​សវនាការ​រឿង​ក្ដី លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ឬ​ហៅ​កាត់​ថា​ គ.ជ.ប​។​

លោក​ សំ​ សុគង់​ ជា​មេធាវី​ការពារ​ក្ដី​លោក​ នី​ ចរិយា​ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មីនា​ថា​ តុលាការ​កំពូល​ នឹង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ នី​ ចរិយា​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ខាង​មុខ​នេះ​។

ឯកសារ​ពី​តុលាការ​កំពូល​​ បង្ហាញ​ថា​ លោក​ នី​ ចរិយា​ ជាប់​ចោទ​ពី​បទ​ «សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​​» ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ខែ​មីនា​ ខែ​មេសា​ ឆ្នាំ​២០១៦​ ​​​​​។

គួរ​បញ្ជាក់​ថា​ ក្នុង​សំណុំ​រឿង​នេះ​ មាន​ជនត្រូវចោទ​៥នាក់​ ហើយ​ត្រូវ​បាន​តុលាការ​រកឃើញថា​ ពួកគាត់បាន​បញ្ចុះបញ្ចូល​ ឬ​លួងលោម​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច​ ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​៕