(ភ្នំពេញ)៖ ធនាគារ The Bank of Tokyo-Mitsubishi UFJ ជាធនាគារធំជាងគេនៅប្រទេសជប៉ុន បានកំពុងចាប់អារម្មណ៍យ៉ាង​ខ្លាំងក្នុងការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែរីកចម្រើន ក៏ដូចជាទាក់ទាញវិនិយោគិន​ ពីប្រទេសជប៉ុនមកកម្ពុជា ឱ្យកាន់តែច្រើន។

លោក តាកាយ៉ុស្ស៊ិ ហ្វឹតាអេ នាយកប្រតិបត្តិធនាគារ ប្រចាំតំបន់អាស៊ីនិងអូសេអានី បានថ្លែងឲ្យដឹងនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃម្ពុជាថា ធនាគារជប៉ុនពិតជាចាប់​អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានោះដែរលោក ក៏បាន សម្ដែងការកោតសសើរ ចំពោះការការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាជារួម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល និងយកចិត្តទុកដាក់ចំពោះការវិនិយោគពីក្នុង និងក្រៅស្រុក។

ជាការឆ្លើយតប លោក ជា ចាន់តូ បាន មានសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ The Bank of Tokyo-Mitsubishi UFJ នៅកម្ពុជា ហើយក៏ស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ធនាគារក្នុងការពង្រីកប្រតិបត្តិការនិងការវិនិយោគរបស់ខ្លួននៅកម្ពុជា ។

សូមបញ្ជាក់ថា ធនាគារ The Bank of Tokyo-Mitsubishi UFJ ជាធនាគារដ៏ធំជាងគេនៅប្រទេសជប៉ុន និងជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតរបស់ពិភពលោក ដែលមានដើមទុនប្រមាណ ១៥ ប៊ីលានដុល្លារអាមេរិកមានសាខាក្នុងស្រុក និងបរទេសជាង ៨០០ និងបុគ្គលិកសរុបជាង ៣៥ពាន់នាក់។ វត្តមានរបស់ធនាគារធំជាងគេរបស់ជប៉ុនមួយនេះ​ ក៏បានបង្ហាញពីជំនឿទុកចិត្ត របស់វិនិយោគិនចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងទស្សនវិស័យនាពេលខាងមុខ៕