(កំពត)៖ លោក ស្តើង សុខុម សកលវិទ្យាធិការនៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា បានលើកឡើងថា «យុវជនមានជំនាញលក្ខណៈសម្បត្តិល្អ និងខិតខំធ្វើការងារឲ្យសកម្ម ជាក្តីសង្ឃឹម នៃការអភិវឌ្ឍន៍កម្ពុជា»

សាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តកំពត នៅចុងសប្តាហ៍នេះបានរៀបចំសន្និសីទ ស៊ីយូអេសប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ «យុវជន និងការអភិវឌ្ឍន៍» និស្សិត សាស្រ្តាចារ្យ និងអ្នកចូលរួមពីស្ថាប័នផ្សេងៗចំនួន២៥០នាក់។ កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការ និងជាស្ថាបនិក ព្រមទាំងវាគ្មិនដទៃទៀតរួមមាន៖ លោកបណ្ឌិត មាស បូរ៉ា លោកបណ្ឌិត សឿ យ៉ាន និងលោកសាស្រ្តាចារ្យ មាឃ សារី។

ក្នុងពិធីបើកលោកបណ្ឌិតបានបង្ហាញថា «សាខាខេត្តកំពតក្នុងឆ្នាំនេះ ទទួលបានកំណើននិស្សិតជាច្រើន។ សាកលវិទ្យាល័យបានបង្កើតយន្តការជាច្រើន ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលធ្វើឲ្យនិស្សិត កាន់តែមានចំណេះដឹងទូលំទូលាយ មានសមត្ថភាព និងមានជំនាញកាន់តែខ្ពស់។ ជាក់ស្តែងសន្និសីទថ្ងៃនេះ ជាឧទាហរណ៍មួយ ដើម្បីជួយផ្តល់នូវជំនាញបំណិនជីវិត ការគិតពិចារណា»។

លោកបណ្ឌិតពន្យល់ថា យុវជននាំឲ្យមានការអភិវឌ្ឍ ហើយទទួលបានផលពីការអភិវឌ្ឍ។ ដូចនេះតើធាតុទាំងពីរនេះពាក់ព័ន្ធគ្នាដូចម្តេច? ហើយថា តើយុវជនត្រូវត្រៀមលក្ខណៈប្រកាន់អត្តចរឹកដូចម្តេច ដើម្បីទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍ និងចូលរួមជួយអភិវឌ្ឍដូចម្តេច ពាក់ព័ន្ធនឹងចំណុចនេះ លោកបណ្ឌិតបានសង្កត់លើ ឃា្លដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍មួយគឺ៖ «ឆាកជីវិតមនុស្សប្រៀបបាន និងដំណើរដ៏វែងឆ្ងាយដែលផ្តើមចេញពីជីវិតប្រចំាថ្ងៃ» មុននឹងជូនវេទិកាដល់វាគ្មិនដទៃទៀត។

ដោយឡែកលោកបណ្ឌិត សឿ យ៉ាន បានថ្លែងថា យុវជនគឺជាទំពាំងស្នងប្ញស្សីរបស់ប្រទេសជាតិ យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ និងជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ជាអ្នកបន្តវេនពីមនុស្សចាស់ក្នុងកិច្ចការនយោបាយនៃការដឹកនាំប្រទេស។ ដើម្បីសម្រេចតួនាទីនេះយុវជនត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់ តាមរយៈការខិតខំធ្វើការងារ ទៅតាមគោលដៅច្បាស់លាស់ កែទម្លាប់អសកម្ម ចេះគ្រប់គ្រងពេលវេលា ចេះរៀបចំផែនការអនាគត់ដើម្បី ឈានទៅរកភាពជោគជ័យ និងមានជាទម្លាប់ល្អ ទម្លាប់ក្លាយមកពីពាក្យថាធ្លាប់។ រឿងអ្វីក៏ដោយឲ្យតែធ្លាប់ហើយពិបាកកែណាស់។ ដូច្នេះ គួរមានទម្លាប់ខ្លួនឲ្យល្អជាប្រចាំ។ ទម្លាប់ល្អធ្វើឲ្យមនុស្សធ្វើការងារទទួលបានប្រសិទ្ធភាពខ្ពស់ដោយមិនបាច់ប្រឹង ព្រោះធ្លាប់ ឬថ្នឹកនឹងការងារនោះជារៀងរាល់ថ្ងៃទៅហើយ។

មនុស្សជោគជ័យច្រើនមានទម្លាប់សំខាន់ៗ ៨យ៉ាងដូចជា៖ ១.ផ្តោតចិត្តទៅលើគោលដៅ គិតជាប់ជានិច្ចអំពីជោគជ័យដែលខ្លួនប្រាថ្នា ២.ធ្វើកិច្ចការម្តងមួយៗឲ្យចប់សព្វគ្រប់មិនទុកឲ្យសល់ដល់ថ្ងៃក្រោយ ៣.សកម្មជានិច្ច ៤.ចេះបដិសេធប្រសិនបើកិច្ចការណាមួយ ឬឱកាសណាមួយដែលយើងមិនអាចចាប់យកបាន ៥.ចេះឲ្យតម្លៃទៅលើពេលវេលា ៦.ចេះស្នើសុំឲ្យគេជួយកុំគិតថា សុំឲ្យគេជួយនាំឲ្យខ្លួនឯងអន់ ៧.ចេះស្តាប់ ចូរស្តាប់គេឲ្យបានច្បាស់ ឲ្យយល់ប្រាកដថា គេចង់បានអ្វី និង៨.ចេះអរគុណ និងពេញចិត្តចំពោះសេចក្តីល្អដែលកើតមានចំពោះខ្លួន។

លោកសាស្រ្តាចារ្យ មាឃ សារី ការចូលរួមរបស់យុវជននៅក្នុងការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា នេះគឺចំណែកមួយក្នុងកិច្ចការសង្គម បញ្ហាសង្គមជាបញ្ហាមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹងសីលធម៌ និងការចូលរួមរបស់យុវជន ក្នុងការកាត់បន្ថយបញ្ហា យុវជនត្រូវស្វែងយល់អំពីព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍ ទទួលបទពិសោធន៍ថ្មី  ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។ កត្តាជោគជ័យរបស់យុវជន ដើម្បីជួយអភិវឌ្ឍ  និងទទួលបានផលពីការអភិវឌ្ឍ គឺផ្តើមពីយុវជនខ្លួនឯងជាចម្បង និងផ្តើមពីការងារប្រចាំថ្ងៃ។

លោកបណ្ឌិត មាស បូរ៉ា បានចាប់យកចំណុចគន្លឹះនេះសម្រាប់រៀបរាប់បន្ថែមទៀត។ លោកបណ្ឌិតបានផ្តល់បទពិសោធន៍ជាក់ស្តែង ដែលបុគ្គលជោគជ័យមួយចំនួនបានអនុវត្ត។ ជោគជ័យធំផ្តើមពីជោគជ័យតូចៗប្រចាំថ្ងៃ។ ក្នុងន័យនេះការងារប្រចាំថ្ងៃ ត្រូវតែមានការកំណត់ឲ្យបានជាក់លាក់ តាមអាទិភាព ចាប់ផ្តើមធ្វើប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលធ្វើកិច្ចការងារដោយផ្ចិតផ្ចង់ មិនបោះបង់ អនុលោមតាមការប្រើប្រាស់ពេលវេលាក្នុងមួយថ្ងៃក្នុងភាពវៀងវៃ។

ក្នុងឱកាសបិទសន្និសីទ លោកបណ្ឌិត ស្តើង សុខុម បានថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាមលើប្រធានបទល្អៗ មានសារៈសំខាន់ បានជាប្រយោជន៏ធំធេងដល់សាស្ត្រាចារ្យ និស្សិត និងអ្នកចូលរួមទាំងអស់ សម្រាប់ជាមូលដ្ឋានអនុវត្តការងារ ពិសេសការអភិវឌ្ឍន៍ខ្លួនសម្រាប់យុវជន។ លោកបណ្ឌិតបានរំលេចថា «ដំណើររាប់ពាន់យោជន៍ផ្តើមចេញពីមួយជំហាន» ព្រមទាំងថ្លែងសរុប និងសង្ខេបថា៖ ឆាកជីវិតមនុស្សប្រៀបបាននឹងដំណើរដ៏វែងឆ្ងាយដែលផ្តើមចេញពីជីវិតប្រចាំថ្ងៃ។ ជោគជ័យក្នុងឆាកជីវិតទាំងមូលផ្តើមចេញ ពីជោគជ័យក្នុងមួយថ្ងៃៗ។ ជោគជ័យក្នុងមួយថ្ងៃៗ ផ្តើមចេញពីជោគជ័យនៃកិច្ចការនីមួយៗ។ ជោគជ័យនៃកិច្ចការនីមួយៗផ្តើមចេញពីគំនិត។ គំនិតកើតចេញពីចិត្ត និងការគិត។ នេះជាគ្រាប់ពូជនៃជោគជ័យ។ តើត្រូវធ្វើដូចម្តេចខ្លះដើម្បីបណ្តុះពូជជោគជ័យ?

យុវជនទាំងអស់ទទួលបានជោគជ័យបាន លុះត្រាតែចាប់ផ្តើមពីការផ្តើមគំនិតអី្វមួយដែលមានផែនការរៀបចំគោលដៅ អនុវត្តគោលដៅបានកំណត់ មានទម្លាប់ល្អ មានសីលធម៌ល្អ ចេះគោរពពេលវេលា ប្រកាន់ខ្ជាប់នូវជំហរស្មោះត្រង់ យកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការងារ  យុវជនមានឱកាសអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំដែលអាចជម្រុញសង្វាក់អភិវឌ្ឍឲ្យ មានសន្ទុះលឿនប្រកបដោយសេ្ថភាព និងនិរន្តភាព។ ជាចុងក្រោយ លោកបានសង្កត់ធ្ងន់ថា ដើម្បីរក្សាឱកាសការងារយុវជនត្រូវរៀបចំខ្លួន បណ្តុះបណ្តាលនូវសមត្ថភាព ដោយប្រៀបធៀបខ្លួនទៅនឹងយុវជនអាស៊ាន ដើម្បីរង្វាយតម្លៃខ្លួនឯងឲ្យក្លាយជាបញ្ញាវ័ន្ត ជាសកម្មជន ជាអ្នកស្រាវជ្រាវ ជាអ្នកតស៊ូមតិ ដែលប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។

ថ្ងៃនេះសន្និសីទ CUS បានធ្វើនៅថ្ងៃនេះ បានធ្វើឲ្យខ្ញុំនឹកឃើញដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាថ្ងៃធ្វើរដ្ឋប្រហារដោយសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ នាំឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមអស់រយៈពេលជិត៣ទស្សវត្សន៍ និងបានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ស្លាប់បាត់បង់ជីវិត។ ប្រជាពលរដ្ឋកម្ពុជា មិនបានភ្លេចនោះទេ។ ដោយសាមូលហេតុនេះរាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមអស់លទ្ធភាពដើម្បីស្វះស្វែងរកសុខសន្តិភាព និងការផ្សះផ្សារជាតិទប់ស្កាត់ឲ្យបាននូវសង្រ្គាមដ៏មហន្តរាយនេះ។ មានសន្តិភាពមានការអភិវឌ្ឍន៍ ហើយជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលជាសាកលវិទ្យាល័យឈានមុខលើការបណ្តុះបណ្តាលមួយនៅកម្ពុជា តែងតែ បើកវេទិកាកៀរគរអ្នកដែលជោគជ័យក្នុងការសិក្សា និងមុខរបរទៅធ្វើបទបង្ហាញលើជំនាញ និងបទពិសោធន៍ក្នុងការងាររបស់ពួកគេ ដើម្បីផ្តល់បំនិនជីវិត និងចំណេះដឹងដល់និស្សិតបន្ថែមពីលើអ្វីដែលពួកគេបានសិក្សា៕