(ពិភពលោក)៖ នៅថ្ងៃចន្ទដើម​​សប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍​អន្តរជាតិ​​សំខាន់ៗ​ជាច្រើន​បាន​កើតឡើង​​មានទាំង​ការវាយប្រហារគ្នា ជម្លោះការទូត និងអ្វីៗជាច្រើនលាយឡំគ្នា​គ្រប់រសជាតិ។ សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ យើងខ្ញុំសូមដកស្រង់​នូវព្រឹត្តិការណ៍​​រូបភាព​សំខាន់ មានដូចតទៅ​នេះ៖ ១៖ បឹងទឹកសាបដ៏ធំឈ្មោះ Naivasha នៅប្រទេស​កេនយ៉ា ជាទីកន្លែងដ៏អស្ចារ្យ​អមដោយ​សម្រស់ធម្មជាតិ សុទ្ធសាធ រួមទាំងសត្វព្រៃ​នៃតំបន់អាហ្វ្រិក​ជាច្រើនប្រភេទ!

២៖ ទិវាពន្លឺអន្តរជាតិ ត្រូវបានប្រារព្ធឡើង​នៅទីលានប្រជាជន​ទីក្រុងរ៉ង់ហ្គូន នៃសហភាព​មីយ៉ាន់ម៉ា ដែលមានប្រជាជន និងភ្ញៀវចំរុះជាតិសាសន៍​ចូលទស្សនា​ភ្លើងពណ៌ដ៏ស្រស់​ត្រកាលបំផុតនោះ!

៣៖ ប្រជាជនអ៊ីរ៉ាក់រាប់ម៉ឺននាក់ កំពុងរស់​នៅយ៉ាង​​លំបាកវេទនា ក្នុងជម្រកបណ្តោះអាសន្ន​​ដើម្បីគេច​ចេញពី​សង្គ្រាម​ក្នុង​ទីក្រុង​ម៉ូស៊ូល រវាងរដ្ឋាភិបាល និងក្រុមរដ្ឋអ៊ីស្លាម ISIS!

៤៖ តំបន់​ស្វយ័តក្វាងស៊ី របស់ប្រទេសចិន​កំពុងទទួលរងការវាយ​លុកដោយ​អ័ព្ទក្រាស់ ខណៈអាជ្ញាធរ​ទើបចេញ​ការក្រើករំលឹក​​ឲ្យប្រជាជន​ប្រុងប្រយ័ត្ន!

៥៖ រដូវបិទនេសាទប្រចាំឆ្នាំ​ដ៏ធំប្រចាំ​បឹងទឹកសាប Poyang ក្នុងខេត្តជាំងស៊ី​ប្រទេសចិន​បានចាប់ផ្តើម​ហើយ ដើម្បីការពារធនធានមច្ឆជាតិ​នៅរដូវត្រី​ពងកូន!

៦៖ ទីក្រុងលីម៉ា នៃប្រទេសប៉េរូរងគ្រោះដោយបាតុភូត El Nino បង្កជាភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់​ដ៏អាក្រក់បំផុត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណជាច្រើន!

៧៖ ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ ​បញ្ហា​​អសន្តិសុខ​ផ្ទុះឡើង​​សាជាថ្មី ពាក់ព័ន្ធការ​បាញ់​ប្រហារ​​នៅព្រលាន​យន្តហោះ​​ប៉ារីស!