(ស្វាយរៀង)៖ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បានចុះទៅបង្ក្រាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង នៅក្នុងបន្ទប់ខារ៉ាអូខេសណ្ឋាគារ TTP3 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀន១១កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលរបស់លោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ នីវ វៃ អាយុ៣៤ឆ្នាំ ទី២៖ ឈ្មោះ លី ជីងចាវ អាយុ៣២ឆ្នាំ ទី៣៖ ឈ្មោះ ណុង ហួយជី ភេទស្រី អាយុ២៩ឆ្នាំ និងទី៤៖ ឈ្មោះ សឺ ជឺយេន អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ​

បើតាមមន្រ្តីអាវុធហត្ថ វត្ថុតាងដែលដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៌ខៀវចំនួន០៦គ្រាប់, ទូរសព្ទ័ដៃចំនួន៧គ្រឿង, ម្សៅក្រាមពណ៌សចំនួន១១កញ្ចប់ (ធំ០២កញ្ចប់ តូច០៩កញ្ចប់) ស្មើរទម្ងន់៧,១៥ក្រាម គិតទាំងសំបកវិចខ្ចប់, បារី កញ្ឆា ចំនួន១១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕