(កំពង់ស្ពឺ)៖ រាជរដ្ឋាភិបាលបានដាក់ចេញបទបញ្ជាមួយយ៉ាងក្តៅគគុក ពាក់ព័ន្ធនឹងរឿងបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយប្រគល់ភារកិច្ចជូននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកដឹកនាំកម្លាំងអនុវត្តផ្ទាល់។

វិធានការណ៍របស់រាជរដ្ឋាភិបាលនេះ ត្រូវបានប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការគ្រប់ស្រទាប់បានស្វាគមន៍ និងសង្ឃឹមលើសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ អនុវត្តន៍ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ជាមួយនឹងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបយ៉ាងក្ដៅគគុកស្ទើររាល់ថ្ងៃ ដូចភ្លៀងរលឹមនោះ បទល្មើសព្រៃឈើនៅតែបន្តរាតត្បាតពេញទឹកពេញដី នៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលស្ថិតក្រោមដែនសមត្ថកិច្ចលោក លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្រាប់ខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋបានរាយការណ៍ថា ករណីឈើក្រញូង និងឈើធ្នង់នៅមូលដ្ឋានឃុំទំព័រមាស ស្រុកសំរោងទង, ករណីឈើធ្នង់ ឈើសុក្រម ឈើរាជកុល នៅមូលដ្ឋានឃុំសង្កែសាទប ស្រុកឱរ៉ាល់, ករណីឈើធ្នង់ សុក្រម រាជកុល នៅមូលដ្ឋានឃុំចំបក់ ស្រុកភ្នំស្រួច, ករណីឈើធ្នង់ សុក្រម នៅមូលដ្ឋានឃុំមហាស័ង្ស ស្រុកភ្នំស្រួច ហើយថ្មីៗនេះ មានករណីរថយន្តដឹកឈើធ្នង់ សុក្រម រាជកុល បានកើតមានឡើងនៅក្បែរមន្ទីរកសិកម្ម របស់លោក ឈៀង តុលា រាប់សិបម៉ែត្រគូប នៅសង្កាត់រកាធំ និងសង្កាត់កណ្តោលដុំ ព្រមទាំងបទល្មើសព្រៃឈើ រថយន្តដឹកឈើប្រណិតរាប់សិបម៉ែត្រគូប ចេញពីខេត្តកំពង់ស្ពឺ រហូតដល់បាក់ស្ពាន នៅតំបន់តាកែនកោះស្លា ខេត្តកំពត សុទ្ធតែមានពាក់ព័ន្ធជាមួយមន្ត្រីចល័តបង្រ្កាបបទល្មើសព្រៃឈើ របស់លោក ឈៀង តុលា រួមទាំងនាយសង្កាត់ព្រៃឈើមួយចំនួន ក្នុងស្រុកឱរ៉ាល់ផងដែរ។

បទល្មើសទាំងនោះ ប្រជាពលរដ្ឋបានសង្កេតឃើញថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមួយចំនួន មានទំនាក់ទំងយ៉ាងជិតស្និទ្ធជាមួយលោក ឈៀង តុលា រួមមានឈ្មោះ ឆេង ឡុង មន្ត្រីអាវុធហត្ថ លោក ប៉ុល ចន្នី នាយរងបញ្ជាការដ្ឋានការពារកោះឆ្នេរ លោក ជឿង ថេង យោធាភូមិភាគទី៣ (កំពុងគេចខ្លួន) ដែលបទល្មើសទាំងនេះ មានការសង្ស័យថា មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធខាងលើដែរ។

សូមបញ្ជាក់ថា លោក ឈៀង តុលា ត្រូវបានចូលកាន់តំណែងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ស្របពេលជាមួយគ្នាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់បញ្ជូលរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ជំនួសលោក សយ បញ្ញា អតីតប្រធានមន្ទីរកសិកម្មនេះ។

នៅក្នុងកិច្ចដំណើរការការងារ របស់អង្គភាពរបស់មន្ទីរកសិកម្ម មន្ត្រីក្រោមឱវាទ តែងឲ្យរហស្សនាមលោកថា «ជាលោកប្រធានមន្ទីរដ៏មហិមា» ព្រោះក្នុងអង្គភាពលោកតែងប្រើពាក្យខ្លាំងៗដាក់មន្ត្រី បើមានមន្ត្រីណាមិនអនុវត្តតាមបញ្ជារបស់លោកទេ លោកនឹងដកតំណែង ឬបញ្ឈរជើង ឬក៏បណ្តេញពីការងារផងដែរ។ ជាក់ស្តែងករណីពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ លោកធ្លាប់គំរាមថា បើមានបទល្មើសកើតលើដែនសមត្ថកិច្ចរបស់លោក អ្នកណាទទួលខុសត្រូវ លោកនឹងដកមន្ត្រីនោះមុនគេ។

បន្ថែមលើសពីនេះ លោកបានចេញលិខិតបញ្ជាបេសកកម្មឲ្យមន្ត្រី៤រូប ដែលជាមនុស្សស្និទ្ធនឹងលោក ដើរត្រួតពិនិត្យចល័តលើរចនាសម្ព័ន្ធដែលមានស្រាប់ ប្រកាសដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសង្កាត់ ផ្នែក ខណ្ឌ និងអធិការព្រៃឈើ ដោយធ្វើសកម្មភាពត្រួតពិនិត្យគ្រប់មធ្យោបាយ ដឹកជញ្ជូនឈើ សិប្បកម្ម ដេប៉ូឈើ និងដាក់មនុស្សចាំយកលុយ ពីឡានដឹកឈើតាមផ្លូវសំខាន់ៗទៀតផង។

សូមជម្រាថា រាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់ដ៏ធំមួយទៀត ដោយដាក់បញ្ចូលរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ក្រោមការបញ្ជាផ្ទាល់របស់ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត សំដៅធានាបានប្រសិទ្ធភាពខ្ពស់ លើការចាត់ចែង បញ្ជា បង្ការ និងបង្រ្កាបឲ្យមានភាពស័ក្តសិទ្ធិ លើបទល្មើសទាំងពីរ តែបែរជាមានភាពមិនប្រក្រតីកើតមានជាច្រើន ក្នុងមន្ទីរកសិកម្ម រួមទាំងរដ្ឋបាលព្រៃឈើទៅវិញ។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ស្ពឺ បានជំរុញទៅខាងមន្ទីរកសិកម្មបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើទាំងនេះ ឲ្យមានប្រសិទ្ធភាព ពីព្រោះបទល្មើសព្រៃឈើកើតមានយ៉ាងខ្លាំងនៅឡើយ៕