(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងចែករំលែកបទពិសោធន៍ ពីការអភិវឌ្ឍន៍ប្រទេស ចេញពីភ្លើងសង្រ្គាម ចែកជូនបណ្តាប្រទេសកំពុង មានការអភិវឌ្ឍតិចតួចដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងលំអិត និងតាមលំដាប់លំដាប់ នៃបទពិសោធន៍កន្លងមក ក្នុងការអភិវឌ្ឍន៍ប្រទេស។

​សម្តេចតេជោ បានបង្ហាញ ពីបទពិសធន៍ការងារចំបងៗចំនួន៧ចំណុច ក្នុងដំណាក់កាលទី១ និងទី២ សុទ្ធតែទទួលបាន ជោគជ័យ រួមនឹងការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលកំពុងតែអនុវត្តន៍មាន៤ចំណុចសំខាន់ៗ បន្ថែមទៀត។

ប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ បានថ្លែងនៅក្នុងពិធី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពី បទពិសោធន៍ដែលកម្ពុជាបានដាក់ចេញនោះរួមមាន៖
ទី១៖ សម្តេចបានបញ្ជាក់ថា ក្នុងឆ្នាំ២០១០ កម្ពុជាបានដាក់ចេញនូវគោលនយោបាយការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដើម្បីសម្រេចបានចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យកសិកម្មនេះ រាជរដ្ឋាបានកំណត់យុទ្ធសាស្រ្តចម្បងចំនួន៣ គឺការបង្កើនផលិតភាព ការធ្វើភាវូនីយកម្ម និងពាណិជូបនីយកម្មកសិកម្ម (ឫការប្រែក្លាយពីកសិកម្មចិញ្ចឹមឆ្នាំង ទៅជាកសិកម្មសម្រាប់លក់ដូរ)។

ទី២៖ នៅក្នុងឆ្នាំ២០១៥ កម្ពុជាក៏បានដាក់ចេញផងដែរនូនគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជា យុទ្ធសាស្ត្រកំណើនថ្មី ឬជាទិសដៅថ្មីមួយដើម្បីបង្កើនតម្លៃមូលដ្ឋានផលិតកម្មខ្ពស់មួយ, ការធ្វើសមាហរណកម្មខ្សែសង្វាក់ តម្លៃក្នុងតំបន់ និងសាកលលោក។ ពិសសេការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស គឺជាគន្លឹះដ៏សំខាន់ចំពោះគោលនយោបាយនេះ។

ទី៣៖ កម្ពុជាក៏បានរៀបចំឯកសារវិភាគអំពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០០៣ និងបានធ្វើ បច្ចុប្បន្នភាពនៅឆ្នាំ២០១៤ ក្នុងគោលបំណងកំណត់យុទ្ធសាស្រ្ត វិស័យអាទិភាពនិងភាពប្រកួតប្រជែងរបស់កម្ពុជា។

ទី៤៖ ក្នុងវិស័យទេសចរណ៍ កម្ពុជាបានប្រកាន់យកគោលនយោបាយបើកចំហជើងមេឃ ដែលជាយុទ្ធសាស្រ្តមួយ ,បើកចំហរវិស័យអាកាសចរណ៍ និងទាក់ទាញទេសចរណ៍ក្នុងតំបន់ និងពីពិភពលោក ។

ទី៥៖ ជាមួយនេះរាជរដ្ឋាភិបាលក៏ អនុវត្តគោលនយោបាយផ្សារភ្ជាប់ស្តង់ដារការងារអន្តរជាតិ ជាមួយនឹងផលិតកម្មវិស័យកាត់ដេរ ដែលបានផ្តល់ជំនឿទុកចិត្តពីអ្នកបញ្ជារទិញ និងប្រទេសនាំចូលធ្វើឲ្យការនាំចេញសំលៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើនខ្ពស់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ ជូនដល់កម្មករ កម្មការនី ប្រមាណជា៨០ម៉ឺននាក់។

ទី៦៖ កម្ពុជា បានរៀបចំវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ យោបល់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហាទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគដូចដែរកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ។

ទី៧៖ កម្ពុជាបានដាក់ចេញនៅយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី១នៅឆ្នាំ២០០៤ និងតំណាក់កាលទី២ នៅឆ្នាំ២០០៨ ហើយយុទ្ធសាស្រ្តទាំងពីរនេះ ផ្តោតសំខាន់លើ ការលើកស្ទួយវិស័យកសិកម្ម ការពង្រឹងអភិបាលកិច្ចល្អ ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយទទួលជោគជ័យក្នុងការអនុវត្តន៍យុទ្ធសាស្រ្តចតុកោណទាំងពីរដំណាក់កាល។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ក្នុងនោះរាជរដ្ឋាភិបាលបានកំណត់វិស័យអាទិភាព៤៖

១៖ ការអភិវឌ្ឍធនធានមនុស្សដែលនឹងធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម
២៖ ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម
៣៖ ការបន្តអភិវឌ្ឍន៍និងបង្កើនតម្លៃបន្ថែមនៃវិស័យ កសិកម្ម
៤៖ ការពង្រឹងអភិបាលកិច្ចល្អ និងសមត្ថភាពនៃស្ថាប័នរដ្ឋ សំដៅបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈ និងកែលម្អបរិយាកាសវិនិយោគ។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ការអនុវត្តនាពេលកន្លងមកនេះ បានធ្វើឲ្យកម្ពុជា មានការរីកចំរើនជាបន្តបន្ទាប់ និងទទួលបានសុខសន្តិភាពរហូតមកដល់ពេលសព្វថ្ងៃនេះ៕