(ភ្នំពេញ)៖ ពាក្យថា «មនុស្សបែបនេះ» គឺសំដៅដល់ពួកអ្នកនយោបាយគ្មានប្រវត្តិកសាងស្នាដៃសម្រាប់ជាតិនិងប្រជាជន ទាល់តែសោះ គឺមានតែ «ស៊ីប្រជាជន»។ «មនុស្សបែបនេះ» ក៏សំដៅដល់ប្រភេទអ្នកនយោបាយប្រជាភិថុតដែល «ប្រែកាលាខ្លួន» «ដូរយីហោបក្ស» មិនឈប់ឈរដើម្បីបន្លំអតីតកាល «បន្តធ្វើនយោបាយកេងប្រវ័ញ្ចឈើសឈាមប្រជាជនស្លូតត្រង់»។

កម្ពុជា ជាដែនដីនៃឱកាសរីកចម្រើន។ តែអកុសល យើងមានអ្នកនយោបាយបញ្ញើក្អែក បឺតជញ្ជក់ផលប្រយោជន៍ពីប្រជាជនស្លូតត្រង់ និងលក់កេរ្តិ៍ឈ្មោះជាតិឯង ដើម្បីអាជីវកម្មអំណាច។ ពួកគេបានចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា។ តែនៅក្នុងមុខរបរនយោបាយរបស់គេ គឺគេនៅប្រមូលបានលុយឡានវីឡា «រស់នៅក្នុងពិភពហ៊ឺហា ក្រោមភាសាភូតថា កាន់តែក្រទៅៗ»។ តទៅនេះគឺជាលក្ខណៈសម្បត្តិនិងសារជាតិរបស់ពួកគេ៖

ទី១៖ កេរ្តិ៍ឈ្មោះស្អុយរលួយលើរឿងអាស្រូវផ្លូវភេទ៖ ដំបូងឡើយយើងស្ទើតែមិនជឿទេថា អ្នកណាអីក៏អសីលធម៌ធ្វើរឿងបែបនេះ!។ ពេលពិនិត្យជាខ្សែសង្វាក់ ស្តាប់ភាសាចំអេះចំអាសរបស់គេ ហើយពិចារណា ទើបដឹងថា «ពួកនេះថោកទាប និងអសីលធម៌បំផុត» ដែលប្រមាថស្ត្រីភេទកូនចៅប្រជាជន «២យប់-១០ដង ហែក-ខ្វេះ...» សំុទោសនេះជាភាសាពួកគេ ទាំងមេទាំងកូន។

ទី២៖ ជាជនបោកប្រាស់ភូតភរប្រជាជន៖ ជារៀងរាល់រដូវកាលបោះឆ្នោត ពួកគេធ្វើគោលនយោបាយ «ភូតភរ» សន្យាឲ្យលុយ ឲ្យនេះឲ្យនោះ តែឲ្យបានត្រឹមតែជាសន្យា «ខ្យល់»។ ពួកគេគ្មានភាពខ្មាសអៀន ហើយក៏គ្មានការទទួលខុសត្រូវដែរ។ តើមកដល់ម៉ោងនេះ ប្រាក់៤ម៉ឺនរៀល នៅឯណា!?

ទី៣៖ កិបកេងប្រជាជនគ្មានអាសូរ៖ ពួកនេះហានិយាយមួយម៉ាត់ណា «ប្រជាជនក្រទៅៗ» តែពួកគេម្នាក់ៗមានរថយន្តទំនើប ផ្ទះស្អាត មានលុយលេងល្បែង និងលុយឲ្យស្រី។ លើសពីនេះ បែរជាគេរៃអង្គាសលុយប្រជាជន ក្រោមឡេះ
ថា យកទៅធ្វើទូរទស្សន៍។ មកដល់ម៉ោងនេះ តើទូរទស្សន៍នៅឯណា!? លុយញើសឈាមប្រជាជនយកទៅណាអស់ហើយ!?

ទី៤៖ ជាអ្នកនយោបាយដែលគ្មានគុណធម៌៖ ដើម្បីតែមហិច្ឆតាដណ្តើមអំណាច ពួកគេហ៊ានធ្វើនយោបាយប្រជាភិថុតគ្រប់រូបភាព ទាំងអសីលធម៌ និងអគុណធម៌ ប្រមាថ លាភពណ៌ ញុះញ៉ុង បំបែកបំបាក់ជាតិ។ សីលធម៌ខ្មែរដែលផូរផង់ ប្រែមកជាវប្បធម៌ប្រមាថដ៏គ្រោះថ្នាក់។ ឥឡូវនេះ គេដើរហួសពីការសម្តែងមតិ មកជាការហ៊ានពើងទ្រូង«ជេរប្រមាថកប់ៗមាត់» គ្មានស្គាល់ចាស់ក្មេង។ ពួកគេ បំពុលសង្គមរាល់ថ្ងៃ រហូតហ៊ានប្រមាថថ្នាក់ដឹកនាំជាតិ និងប្រមាថ ព្រះមហាក្សត្រថែមទៀត។

ទី៥៖ ពួកគេចង់ឲ្យមានសង្គ្រាម៖ ពួកនេះចង់ឲ្យតែជាតិបែកបាក់ មានកលយុគ ធ្លាក់ក្នុងសង្គ្រាម ដើម្បីគេឆក់ឱកាសដណ្តើមអំណាច។ ប្រសិនបើប្រទេសជាតិនេះ មានស្ថេរភាព នៅតែមានសន្តិភាពនោះគឺជាឧបសគ្គសម្រាប់ពួកគេ។ អញ្ចឹងហើយបានជាគ្រប់ទីកន្លែងដែលគេសម្តែងមតិ គឺគេចង់តែរុញឲ្យមានអំពើហិង្សា ដើម្បីងាយស្រួលគេដុតកំដៅថែម។

ទី៦៖ អ្នកនយោបាយដែលមិនគោរពច្បាប់៖ គេផ្សាយថា «សមាជខុសច្បាប់» ដល់តែពិនិត្យមើលលក្ខន្តិកៈជាក់ស្តែង ហួសចិត្ត «ចុម! ពួកនេះចោលម្សៀត ជាន់ឈ្លីលក្ខន្តិកៈបក្សខ្លួនឯងដល់ថ្នាក់នេះមែន!»។ សូម្បីតែលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សគេ ក៏គេមិនគោរពផង ហើយសូម្បីព្រះមហាក្សត្រក៏គេមិនគោរពផង ដូច្នេះច្បាប់ជាតិនិងរដ្ឋធម្មនុញ្ញក៏គេនឹងមិនគោរពដែរ។

រហូតមកដល់ម៉ោងនេះ តើគេធ្វើអ្វីផ្តល់ឲ្យប្រជាជន? ក្រៅតែពីអុជអាលសកម្មជនខ្លួនមួយចំនួនតូចឲ្យដើរតួជាប្រជាជនស្លូតត្រង់បង្កើតជម្លោះជាមួយសមត្ថកិច្ច ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ហើយដេករង់ចាំស៊ីឡាក់តែប៉ុណ្ណោះ។

ការពិត ផ្ទៃក្នុងបក្សប្រឆាំងទាំងជើងក្រោម និងក្បាលម៉ាស៊ីន គឺរញ៉េរញ៉ៃនិងទន់ខ្សោយណាស់។ ក្នុងនយោបាយបញ្ញើក្អែករបស់គេគឺរស់តាម២ច្រក៖ ទី១)ស៊ីឡាក់លើចំណុចខ្វះខាតរបស់មន្ត្រីរាជរដ្ឋាភិបាល និងទី២)រង់ចាំស៊ីកេរ្តិ៍ និងក្រាលឈាមប្រជាជនស្លូតត្រង់ជាកំរាលព្រំនយោបាយ។ បើបានក៏យក បើមិនបានបន្តនយោបាយបោកប្រាសតទៀត។

នៅមានរឿងច្រើនទៀត រួមទាំងរឿង «ក្បត់គ្នា និង ស៊ីគ្នាផ្ទៃក្នុង»។ ដំណែងនីមួយៗនៅក្នុងបក្សគឺ «ទិញដូរជា លុយ មិនមែនឧត្តមគតិ» ទេ។ បើមិនជឿហៅ ម៉ន ផល្លា និង យឹម សុវណ្ណ មកសួរចុះថា តើតំណែងក្រុមប្រឹក្សា ឬតំណែងតំណាងរាស្ត្រ ត្រូវបង់ថ្លៃប៉ុន្មាន!? ទោះបីគេបិទបាំង តែវាមានភាពពិសពុលដ៏គ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជន។ ដូច្នេះ «មនុស្សបែបនេះ» ដែលគ្មានតម្លៃ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានការទទួលខុសត្រូវបែបនេះ គឺគ្រោះថ្នាក់បំផុតសម្រាប់ជាតិនិងប្រជាជន ហើយមិនបណ្តោយឲ្យដឹកនាំបានទេ៕

ដោយ៖ សេនាជាតិ