(ភ្នំពេញ)៖ បុរសអ្នកលក់ផ្លែឈើម្នាក់ ត្រូវបានកម្លាំងប្រជាការពារភូមិព្រៃព្រីងខាងត្បូង សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានប្រើកន្ត្រៃយ៍ ចាក់ទៅលើបុរសម្នាក់ទៀត ដែលជាអ្នកហៅម៉ូយដាក់ រថយន្តតាក់ស៊ី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានទំនាស់គ្នា បន្តិចបន្តួច។

ហេតុការណ៍បង្កឲ្យមានរបួសស្នាមខាងលើនេះ បានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីយកទៅសង្គ្រោះបន្ទាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ ទី សុវណ្ណ (ហៅហ៊ិន សុវណ្ណ) អាយុ៤៥ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃឃ្លោក ឃុំស្វាយ តាយារ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ដោយឡែក បុរសរងគ្រោះ ឈ្មោះ សុះ វណ្ណៈ (ហៅពេជ្រ) អាយុ២៣ ឆ្នាំមុខរបរហៅម៉ូយ ដាក់រថយន្តឈ្នួល រងរបួសចំបោះដៃ ផុត១កន្រ្តៃយ៍ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្នុងភូមិឧត្តមសូរិយា ឃុំស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញជនដៃដល់ និងជនរងគ្រោះជិះម៉ូតូ ម្នាក់១គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វីកើត ឡើងនោះឡើយ ស្រាប់តែឃើញបុរសអ្នកលក់ផ្លែមាននោះ ទាញកន្រ្តៃយ៍ចាក់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួស ធ្ងន់ធ្ងរតែម្ដង។

ខណៈនោះ ជនដៃដល់ប្រុងជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះ នាំគ្នាដេញតាមចាប់បានភ្លាមៗ និងបាននាំទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿង។

បើតាមចម្លើយជនសង្ស័យបានសារភាពថា មកពីខ្លួនខឹងនិងជនរងគ្រោះដែលបានជេរ និងរកវាយ ខណៈពេលដែលខ្លួនជិះម៉ូតូ ប៉ះបន្តិចប៉ុណ្ណោះ ហើយដោយសារតែខ្លាចជនរងគ្រោះវាយ ទើបខ្លួនចាក់មុន ជាការការពារខ្លួនតែម្ដង៕