(កណ្តាល)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍​ ហ៉ីង​ ប៊ុនហៀង​ បានអញ្ជើញជាអធិបតី ​ក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តគគីធំ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទជាង១៥០០នាក់ ស្ថិតក្នុងឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានពាំនាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខ ដល់ព្រចៅអធិការវត្ត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

បន្ទាប់ពីស្តាប់​របាយការណ៍លោក​ អភិបាលស្រុករួចមករួចមក នាយឧត្តមសេនីយ៍​ ហ៉ីង ប៊ុនហៀង ក្នុងនាមនាយឧត្តមសេនីយ៍ ឌុល គឿន ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកៀនស្វាយ បានថ្លែងនូវការកោតសរសើរ​ ដល់លោក ង៉ោ សុវណ្ណ ប្រធានក្រុមការងារគណៈពង្រឹងឃុំគគីធំ និងលោកអភិបាលស្រុក ព្រះចៅអធិការវត្ត​ ដែលខិតខំគៀរគសប្បុរសជន​ ដើម្បីមកជួយកសាង​អភិវឌ្ឍ​នូវសមទ្ធផលជាច្រើនដែលមានដូចពេលនេះ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ជាក់ស្តែង​នៅវត្តគគីធំនេះ តែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទី​ គ្មានសល់ទេ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ​ ពីគំនរផេះផង់​។

នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងច្បាស់ថា ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃកម្ពុជានោះទេ។

នាយឧត្តមសេនីយ៍ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ បានខិតខំ​ពុះពារ​ គ្រប់ឧបសគ្គ រក្សាបាននូវ​ សុខសន្តិភាពស្ថេរភាព​ រហូត​ អភិវឌ្ឍ​ ប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានលើកឡើងផងដែរថា​ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​ របស់រាជរដ្ឋាភិបាល​​ទេ​ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក​ ម៉ែ​ បងប្អូន​ ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួនដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើងថ្ងៃ២៣​ តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថាបាន រំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ២៣តុលា។

សូមបញ្ជាក់ជូន​ ពុក​ ម៉ែ​ បង​ ប្អូន​ ឲ្យបានច្បាស់ថា​ បើគ្មានថ្ងៃ​៧​មករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ក៍គ្មានសិទ្ធមនុស្ស ក៏គ្មាន​សុខសន្តិភាព​ ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ក៍បានប្រគេនបច្ច័យសម្រាប់វត្តគគីធំ ចំនួន៤០លានរៀល និង ផ្តល់ជូនកំព្យូទ័រ ព្រីនធ័រដល់ សាលាស្រុកកៀនស្វាយ កំព្យួទ័រ០៣គ្រឿង ព្រីនធ័រ០៣គ្រឿង និងម៉ាស៉ីនថតចម្លង០១គ្រឿង។ ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៍បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ អជ្ញាធរ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ៕