(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ដែលថា «សម្តេចតេជោ ហ៊ុន សែន ចាត់មនុស្សទៅលួងលោម និងបញ្ចុះបញ្ចូលរូបគេ ឬគំរាមរូបគេ» នោះ គឺជាចេតនាវាយប្រហារលើរាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ អគ្គនាយកដ្ឋាននេះ បានអះអាងថា ការលើកឡើងបែបនោះ គឺខុសពីការពិតទាំងស្រុង។ នេះបើតាមលិខិតបំភ្លឺរបស់ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

អគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា ការនិយាយនេះផ្ទុយពីការពិត។ ជារឿយៗមណ្ឌលអប់រំកែប្រែនៅកម្ពុជា តែងត្រូវបានធ្វើអធិការកិច្ចដោយ មិនបានជូនដំណឹងជាមុន រួមទាំងការធ្វើសម្ភាសដោយសម្ងាត់ពីសំណាក់យន្តការទប់ស្កាត់ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្មអ្នកជាប់ឃុំ ទាំងឡាយ ហើយអំឡុងពេលឃុំខ្លួន លោក គឹម សុខ ត្រូវបានសួរសុខទុក្ខដោយ មេធាវីការពារក្តីចំនួន៣លើក និងក្រុមគ្រួសារចំនួន១លើក។

ចំណែករឿងគុកងងឹតវិញ អគ្គនាយកដ្ឋានពន្ធនាគារ បានបំភ្លឺថា នៅពន្ធនាគារកម្ពុជា ពុំមានគុកងងឹតឡើយ ហើយថា ការប្រើគុកងងឹតដើម្បីដាក់ ទណ្ឌកម្មជាទង្វើបំពានច្បាប់ និងគោលការណ៍សិទ្ធិមនុស្សទាំងស្រុង។ លោកស្រី រ៉ូណាស្មីត និង លោកស្រី ផ្លាសវីយែរ ប៉ានស៊ីរី រួមទាំងអ្នកជំនាញសិទ្ធិមនុស្សជាច្រើនទៀត ក៏បានទៅត្រួតពិនិត្យនៅពន្ធនាគារព្រៃសដែរ ប៉ុន្តែពុំឃើញមានគុកងងឹតនោះទេ។

សូមជំរាបថា ការចេញសេចក្តីបំភ្លឺនេះធ្វើឡើង បន្ទាប់ពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹង សុំនៅក្រៅឃុំរបស់ លោក គឹម សុខ ដែលតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាតធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់ សន្តិសុខសង្គម។ បន្ទាប់ពីចេញពីសវនាការនេះ លោក គឹម សុខ បានស្រែកប្រាប់ក្រុមអ្នកសារព័ត៌មានថា មានគេឲ្យលោកសរសេរលិខិតសុំទោសជាថ្នូរនៅក្រៅឃុំ ហើយនិយាយថា លោកបានស្នើឲ្យ សម្តេចតេជោ ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅក្នុងពន្ធនាគារ និងគំរាមលោកដាក់ក្នុងគុកងងឹត។

ខាងក្រោមនេះ​ ជាការបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖