(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅភូមិឫស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលរងគ្រោះមហន្តរាយដោយខ្យល់ព្យុះ។

នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង​ត្រូវបានបំផ្លាញ​ទាំងស្រុងដោយ​សារតែខ្យល់កន្រ្តាក់។

ប្រជាពលរដ្ឋទាំង៣គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់នោះរួមមាន៖ ១៖ លោក សុខ សាម៉េត អាយុ៥៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៥នាក់ ២៖ លោក ឈាង ពែន អាយុ៥១ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់ និង៣៖ លោក នេត្រ សាវឿង អាយុ៥០ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ទៅកាន់​បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់​ដឹកនាំ​ផ្សេងទៀត។ នាយឧត្តមសេនីយ៍ បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍​ប្រទេសជាតិ និងបានបង្ហាញពីភាពរីកចំរើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា និង ខេត្តបន្ទាយមានជ័យ មានទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ សមាជិកក្រុមការងារ ក៏បានចូលរួមដាំដើមឈើនៅក្នុងភូមិផងដែរ។

មុននឹងបព្ចាប់កម្មវិធី លោកឧបនាយករដ្ឋមន្រ្តី បានជួយឧបត្ភម្តប្រជាពលរដ្ឋដែលរងគ្រោះក្នុង១គ្រួសារ បានអង្ករ៥០kg  ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ២យួរ បីចេង១កញ្ចប់ មី១កេះ សារ៉ុង២ ថវិកា១០ម៉ឺនរៀល និងប្រជាពលរដ្ឋជិត​ខាងក្នុងភូមិបាន​ចូលរួមចំនួន៩០នាក់ បានទទួលអំណោយ នូវសារ៉ុង ម្នាក់១ ថវិកា១ម៉ឺនរៀលផងដែរ៕