(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន៣នៅកម្ពុជា ដែលរួមមាន ក្រុមហ៊ុន Cellcard, Metfone និង Smart រួមគ្នាពិភាក្សាស្វែងរកនូវការ កំណត់តម្លៃសេវាទាបបំផុតមួយ ដើម្បីធានាឲ្យបាននូវការ ប្រកួតប្រជែងដោយស្មោះត្រង់ និងស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ​ទូរគមនាគមន៍ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រតិបត្តិករទូរស័ព្ទចល័តទាំងបី ក្រុមហ៊ុន Cellcard, Metfone និង Smart ពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម (ដូរលុយ) របស់ប្រព័ន្ធ ទូរស័ព្ទចល័ត។

លោក អ៉ឹម វុត្ថា បានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងពីការ ផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទចល័តទាំង៣ គឺ Cellcard, Metfone និង Smart គឺជាការប្រកួតប្រជែងដណ្តើមទីផ្សារ ទូរគមនាគមន៍រវាងគ្នាដោយនាំគ្នា ទម្លាក់តម្លៃសេវាទូរគមនាគមន៍យ៉ាងគំហុក ដែលអាចគិតថា មានតម្លៃទាបជាងតម្លៃដើម (Cost Base) ក្រុមហ៊ុនខ្លះបានធ្វើការ បញ្ចុះតម្លៃទាំងបង្ខំចិត្ត ដោយខ្លាចការបាត់បង់ចំណែកទីផ្សាររបស់ខ្លួន ហើយបានស្នើសុំឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួយមានវិធានការដោះស្រាយ ប្រសិនបើនៅតែបន្តនឹងធ្វើឲ្យ បាត់បង់សណ្តាប់ធ្នាប់ ឬក៏ដួលរលំទីផ្សារ ទូរគមនាគមន៍កម្ពុជា។

លោកបន្ថែមថា «ផ្អែកលើច្បាប់ស្តីពីទូរគមនាគមន៍ ដែលតម្រូវឲ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានតម្រូវឲ្យប្រតិបត្តិករទូរស័ព្ទទាំង៣ ប្រជុំគ្នាធ្វើយ៉ាងណារកឲ្យ បានការឯកភាព រវាងគ្នា ទៅលើការកំណត់តម្លៃទាបបំផុតមួយ ដែលអាចធានាឲ្យបាននូវគោលការណ៍ ប្រកួតប្រជែង ដោយស្មោះត្រង់ និងស្របតាមច្បាប់ ជាពិសេសការលើកតម្កើងគុណភាពសេវានិ ងវិសាលភាព នៃតំបន់គ្របដណ្តប់សេវា ក្នុងកិច្ចប្រតិបត្តិការសេវាទូរគមនាគមន៍ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅអនាគតឲ្យបានមុនថ្ងៃ៣១ ខែមីនា ជាកំហិត»

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្នុងករណី ប្រតិបត្តិករទាំងបី មិនអាចរកបានការឯកភាពគ្នាទេ ក្រសួងនឹងប្រើប្រាស់​អត្រាតម្លៃថ្លៃដើមមួយ ដែលត្រូវសិក្សាដោយអ្នកជំនាញឯករាជ្យណាមួយ ដើម្បីរកឲ្យការស្រុះស្រួលគ្នាមួយ ក្នុងចំណោមប្រតិបត្តិករ សម្រាប់យកមកធ្វើជាមូលដ្ឋាន ក្នុងការវាស់វែងការប្រកួតប្រជែងដោយស្មោះត្រង់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍។

តួលេខពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា ប្រើស៉ីមកាតសរុប​ប្រមាណ១៩.៥លាន។ បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត កំពុងប្រតិបត្តិការ នៅកម្ពុជាមានចំនួន៦ក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel៕