(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេតទំនិញ តាមស្តង់ និងតូបលក់ទំនិញ នៅផ្សារព្រៃវែងស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាលទ្ធផលរកឃើញសរសៃគុយទាវមានសារធាតុបូរ៉ាក់ និងទឹកក្រូច ចាហួយដូង ទឹកដោះគោខាប់ដែលខូចគុណភាព។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារព្រៃវែងនេះ ក្រុមការងារបានធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិតផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញសរសៃគុយទាវ មានសារធាតុបូរ៉ាក់ និងភេសជ្ជៈទឹកក្រូច ទឹកដោះគោខាប់ ចាហួយដូងខូចគុណភាព និងហួសកាលបរិច្ឆេទ ព្រមទាំងបានចូលពិនិត្យនៅកន្លែងលក់អំបិលផងដែរ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងជាពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕