(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានព្រមានថា ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការពង្រឹងការទប់ស្កាត់ លើពួកមេខ្យល់ដែលធ្វើសកម្មភាពនាំពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Koichiro KAKEE ឧបការីរបស់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុន នៅទីស្ដីការក្រសួងការងារ រួចមកលោករដ្ឋមន្រ្តី អ៊ិត សំហេង បានឲ្យដឹងថា កាលពីពេលកន្លងទៅ ប្រទេសបានប្រកាសដំឡើងប្រាក់ឈ្នួលដល់ពលករខ្មែរ និងពលករប្រទេសដទៃ តាមតំបន់ផ្សេងៗគ្នា ហេតុដូច្នេះហើយ ការសម្រុកចេញទៅធ្វើការនៅទីនោះ ក៏មាននឹងកើតមានច្រើនដែរ។

ប្រមុខក្រសួងការងារបានបញ្ជាក់ថា «ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ក្រសួងនៅតែពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនដដែល ជាពិសេស ការទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម តាមរយៈបណ្ដាញមេខ្យល់ និងពង្រឹងប្រព័ន្ធសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្រ្កាបពួកមេខ្យល់ ដែលនាំពលករចេញទៅដោយខុសច្បាប់ តាមរូបភាពផ្សេងៗ ដើម្បីកាត់បន្ថយភាពហានិភ័យជូនពលករខ្មែរ»

លោកបានបន្ត រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានបន្តជំរុញប្រព័ន្ធផ្ដល់ភាពស្របច្បាប់ និងផ្ដល់ការការពារជូនពលករខ្មែរ ជាបន្តបន្ទាប់ហើយដែរ។ បច្ចុប្បន្ននេះ ភាគីកម្ពុជាបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ធ្វើយ៉ាងណាឲ្យពលករខ្មែរនៅទីនោះ ទទួលបានភាពស្របច្បាប់ត្រឹមត្រូវ ក៏ដូចជាការចែកបណ្ណពណ៌ស៊ីជម្ពូ (Pink Card) ជាដើម។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានបង្កើនការធ្វើលិខិតឆ្លងដែនជូនដល់ពលករខ្មែរ ដែលចង់ទៅធ្វើការនៅបរទេស និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ជូនពួកគាត់ផងដែរ។

ទោះយ៉ាងណា លោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរទាំងអស់ ដាច់ខាតកុំចេញទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ឲ្យសោះ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ និងរងគ្រោះផ្សេងៗ ដូចជា ត្រូវសមត្ថកិច្ចប្រទេសគេឃាត់ខ្លួន ចាប់ដាក់ពន្ធនាគារ ក៏មាន។

លោក អ៉ិត សំហេង បានពន្យល់ថា ការដំឡើងប្រាក់ឈ្នួលរបស់ប្រទេសថៃ កន្លងមកនោះ មិនមែនជាការទាក់ទាញពលករក្រៅស្រុក ឲ្យចូលទៅធ្វើការច្រើននោះទេ តែជាលក្ខខណ្ឌដំឡើងប្រាក់ឈ្នួល ទៅតាមកំណើនសេដ្ឋកិច្ច និងកម្រិតវឌ្ឍនភាព ដើម្បីដោះស្រាយបញ្ហាជូនកម្មករនិយោជិតរបស់ប្រទេសគេ ទន្ទឹមនឹងនោះ ពលករខ្មែរ និងពលករប្រទេសដទៃនៅប្រទេសថៃ ក៏ទទួលបានដូចគ្នាដែរ៕