(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលជាស្ថាប័នកីឡាកំពូលរបស់កម្ពុជា បានកំណត់ផែនការ​យ៉ាង​ច្បាស់ សម្រាប់ទិសដៅជំរុញអត្តពលិកកម្ពុជា ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសគឺព្រឹត្តិការណ៍​កីឡាប្រចាំ​តំបន់​កីឡាស៊ីហ្គេម ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១ ក៏ដូចជាការត្រៀមខ្លួនចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនជាដើម ។

នៅក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ NOCC នាព្រឹកថ្ងៃទី២០ ខែមីនានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបង្ហាញផែនការយុទ្ធសាស្ដ្រ ៤ឆ្នាំរំកិល ឆ្នាំ២០១៧-២០២០ ចំនួន ១១ចំណុច ដើម្បីអនុវត្ត​ឆ្ពោះ​ទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ ក្នុងនោះមានផែនការ ២ចំណុចបានកំណត់ពី​ការដណ្ដើមមេដាយ​ស៊ីហ្គេម ៣លើកចុងក្រោយ(២០១៧, ២០១៩ និង ២០២១) គឺត្រូវដណ្ដើមមេដាយមាសឲ្យបាន ២ខ្ទង់(ចាប់ពី ១០មេដាយមាស) និងមួយទៀត គឺការស្វែងរកមេដាយឲ្យបាន ១គ្រឿងក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ។

ដោយឡែកចំពោះផែនការ ៩ចំណុចផ្សេងទៀត រួមមានទី១៖ បង្កើន និងពង្រឹងការហ្វឹកហាត់កីឡាជំនាញ់ និងកម្រិតខ្ពស់, ទី២៖ ស្វែងរកជំនួយបច្ចេកទេសពីគ្រប់មជ្ឈដ្ឋានលើបញ្ហាស្នើសុំគ្រូបង្វឹកបរទេស និងបញ្ជូនអត្តពលិក និងគ្រូបង្វឹកទៅ​ហាត់នៅក្រៅ​ប្រទេស, ទី៣៖ ផ្សព្វផ្សាយពីយុទ្ធនាការ “ពលរដ្ឋម្នាក់លេងកីឡាមួយមុខ” និងក្រុមហ៊ុន ឬឧកញ៉ា​មួយរូបទ្រទ្រង់កីឡាមួយមុខ និងទី៤៖ បង្កើនសកម្មភាពកីឡាសម្រាប់កុមារ និងយុវវ័យ តាមរយៈសហព័ន្ធកីឡាជាតិ ។

ចំណែកទី៥៖ បន្ដធ្វើកំណែទម្រង់ស៊ីជម្រៅសហព័ន្ធកីឡាជាតិលើការងារគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស, ទី៦៖ បន្ដសហការ​រៀបចំការប្រកួតកីឡាជាតិ, ទី៧ ជំរុញឲ្យមានកីឡាករ-កីឡាការិនីពី ៣នាក់ ទៅ ៥នាក់ជាអត្ដពលិកពេញ​សិទ្ធិចូលរួម​ប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន, ទី៨៖ រក្សាចំនួនមេដាយមួយយ៉ាងតិចក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ និងទី៩ គឺជំរុញបន្ថែមឲ្យកីឡាមិនអូឡាំពិកស្វែង​រកមេដាយក្នុងការប្រកួតកីឡា​ជ្រើសរើសជើងឯកពិភព​លោកជាដើម ៕