(បន្ទាយមានជ័យ)៖ អតីតមេបញ្ជាការយោធាស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោក កែវ ស៊ុនលី ដែលស្ពាយ កាំភ្លើងវែងធុនអាកា និងពាក់ទុសៀពេញចង្កេះ ទៅគំរាមបាញ់សម្លាប់ចោលម្ចាស់ខារ៉ាអូខេ និងបុគ្គលិកខារ៉ាអូខេ «ហេង គង់» កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៧នោះ រហូតមកដល់ពេលនេះ នៅបន្តមានសេរីភាពដដែល ដោយមិនទាន់ទទួលទោស តាមច្បា​ប់នៅឡើយទេ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ជនរងគ្រោះទាំងម្ចាស់ និងបុគ្គលិកខារ៉ាអូខេ «ហេង គង់» បានស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ឲ្យផង ដើម្បីឲ្យពួគេមានអារម្មណ៍ស្ងប់ មិនមានការភ័យខ្លាចតទៅទៀត។ ជាមួយគ្នានេះ ជនរងគ្រោះបានឲ្យដឹងថា ជនដៃដល់ជាយោធារូបនេះ មិនបានចូលទៅបំភ្លឺតាមដីកាកោះរបស់ព្រះរាជអាជ្ញាឡើយ។

យោងតាមដីកាកោះរបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ បានកោះហៅ លោក កែវ ស៊ុនលី ទៅបំភ្លឺនៅវេលា ម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប៉ុន្តែជននេះមិនបានចូលទៅបំភ្លឺនោះឡើយ។ ជនរងគ្រោះបាននិយាយថា «រហូតមកដល់ពេលនេះទៅហើយ ជនដៃដល់មិនត្រឹមតែទទួលទោសនោះទេ ហើយថែមទាំងនៅមានសេរីភាពដដែលៗ និងនៅបន្តដើរជាមួយមេៗទៀតផង»

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ថា លោក កែវ ស៊ុនលី ត្រូវបានដកហូតតំណែងតាំងពីក្រោយកើតហេតុ មកម្ល៉េះបាន៣ថ្ងៃ ហើយនៅពេលនេះ គាត់គ្រាន់តែជាមន្រ្តីយោធាម្នាក់ គ្មានតួនាទីនៅកន្លែងចាស់នោះទេ គឺជំនួសដោយលោក ព្រំ សង។

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានសម្រេចតែងតាំងលោកអនុសេនីយ៍ឯក ព្រំ សង ជាមេបញ្ជាការផ្នែកសឹករង ស្រុកមង្គលបូរី ជំនួសមេបញ្ជាការចាស់ ដែលពាក់ព័ន្ធរឿងស្ពាយកាំភ្លើង​ប៉ងបាញ់​សម្លាប់ចោលទៅលើ ម្ចាស់ហាងខារ៉ាអូខេ ហេង គង់ និងបុគ្គលិក។

សួមបញ្ជាក់ថា មេយោធាសឹករងស្រុកមង្គលបូរី បានស្ពាយកាំភ្លើងវែងធុនអាកា និងទុសៀគ្រាប់ពេញខ្លួនទៅតាម រកបាញ់ម្ចាស់ហាង ខារ៉ាអូខេ ហេង គង់ បណ្តាលឲ្យម្ចាស់ហាង និងបុគ្គលិកនាំគ្នារត់បាតជើងសព្រាត ដោយសារតែលោកខឹងម្ចាស់ហាងគិតលុយទាំងថ្លៃ ក្បាលមីក្រូហ្វូន និងអាំភ្លី ដែលលោកចាក់ទឹក​ប៊ីយ៉ែចូលធ្វើឲ្យខូច។

ករណីនេះបានកើតឡើងនៅអំឡុងម៉ោងប្រមាណ ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៧ នៅភោជនីដ្ឋាន និងខារ៉ាអូខេ ហេង គង់ ស្ថិតភូមិជំទាវ ឃុំឫស្សី​ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែលោកមេបញ្ជាការ យោធារូបនេះ មិនបានបាញ់នោះទេ ព្រោះតែគេនាំគ្នារត់គេចអស់ តែប្រសិនបើ​នៅប្រឈមមុខវិញ ហើយមានការផ្ទុះ អាវុធវិញ មិនដឹងមានរឿងអ្វីកើតឡើងខ្លះនោះទេ។

តាមសំដីប្រពន្ធម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូរខេ ហេង គង់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ កែវ ស៊ុនលី មានតួនាទីជា មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងស្រុកមង្គលបូរី បានស្ពាយកាំភ្លើងវែងធុន AK និងមានពាក់ទុសៀ ដាក់មកជាមួយ ហើយបានធ្វើការជេរប្រមាថ និងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រី​បំរើការ​នៅក្នុងហាង ធ្វើឲ្យពួកគាត់នាំគ្នារត់ចែកជើងគ្នារកកន្លែងពួនរៀងៗខ្លួន។ ប្រពន្ធម្ចាស់ហាងបានបន្តថា នៅអំឡុងម៉ោងប្រមាណ ជាង៦ល្ងាច មុនកើតហេតុ ឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធ សាច់ញាតិ និងមិត្តភក្តិ មានគ្នាចំនួន៦នាក់ មិនដឹងស្រវឹង មកពីណា មិនដឹងបានចូលច្រៀងខារ៉ាអូខេ ​ហើយបានខឹងស្ត្រីចាក់ខារ៉ាអូខេ​ក្នុងបន្ទប់ថា ចាក់តែបទដែល ខ្លួនមិនចេះច្រៀង។

ពេលនោះឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូន ហើយស្ត្រីបំរើការក្នុងបន្ទប់ប្រាប់ថា បើពូយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូនខូច ថៅកែគាត់គិតលុយហើយ។ ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា៖ បើម៉ៃក្រូហ្វូនខូចគិតលុយទៅ ក្រោយពេលច្រៀងហើយឲ្យគិតលុយទាំងថ្លៃម៉ោងខារ៉ាអូខេ និងថ្លៃម្ហូបក្លែម ថ្លៃម៉ៃក្រូហ្វូនខូចចំនួន២ និងដោះក្បាលអំភ្លីម៉ៃក្រូហ្វូនឲ្យ គិតសរុបអស់ជាង១លានរៀល ហើយគាត់ក៏បានឲ្យលុយ ៣០០ដុល្លារ អាប់លុយឲ្យវិញ៥០ដុល្លារ។

ក្រោយពេលប្រគល់អំភ្លី និងម៉ៃក្រូហ្វូនឲ្យ កែវ ស៊ុនលី ក៏ទទួលយកទៅដាក់នៅក្នុងរថយន្ត ហើយទាញចេញពីឡានវិញ យកមកបោកកម្ទេចចោល នៅមុខ​ហាងតែម្តង។ ប្រពន្ធម្ចាស់ហាង ហេង គង់ បានបញ្ជាក់ប្រាប់ថា៖ ក្រោយពេលដែលឈ្មោះ កែវ ស៊ុនលី ចេញពីហាងរយៈពេល ជិតកន្លះម៉ោងក្រោយមក ស្រាប់តែឃើញជិះរថយន្តធុន បាឡែន មកវិញចតនៅមុខហាង ហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើង AK ហើយពាក់ទុសៀដាក់ គ្រាប់ពេញផងដែរ។

ក្រោយមកជនខាងលើនេះ បាននិយាយខ្លាំងៗថា៖ «អញមកបាញ់ម្ចាស់ហាង អា ហេង គង់ និងមីស្រីបំរើក្នុង ខារ៉ាអូរខេចោល បង់លុយឲ្យអស់២០លានរៀល ត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ»។ ក្រោយពេលនិយាយបណ្តើរ ជេរបណ្តើរ រកបាញ់បែបនេះ ម្ចាស់ហាង ហេង គង់ និងអ្នកបម្រើនៅក្នុងហាងរត់បាតជើងសព្រាត ចូលព្រៃខាងក្រោយ អស់ទៅ ហើយក៏មានអ្នកស្គាល់គ្នាម្នាក់ អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាម និងឃាត់សុំឲ្យត្រឡប់ទៅផ្ទះវិញ។

ពេលនោះលោក កែវ ស៊ុនលី បានចេញពីហាងទៅស្រែកជេរ និងរកបាញ់នៅផ្ទះក្បែរផ្សារមង្គលបូរី បណ្តាលឲ្យអ្នកជិតខាង ភ័យស្លន់ស្លោនៅពេលដែលស្រែកជេរ និងរកបាញ់ទាំងម្ចាស់ហាង ហេង គង់ និងប្រមាថរកបាញ់ឪពុកម្តាយថែមទៀត៕