(ភ្នំពេញ​)៖ លោក​ឧកញ៉ា​បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យា​ធិការ ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ​CUP នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានបើកសន្និបាតកំណែទំរង់ និងការរៀបចំសមាសភាពរចនាសម្ធ័ន្ធដឹកនាំថ្មី ដើម្បីលើកស្ទួយ CUP ឆ្ពោះទៅរកឧត្តមភាព។

ក្មុងសន្និបាតនេះ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង បានប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​ នឹង​ស្តារ​កិត្តិយស​សាកលវិទ្យាល័យ​មួយ​នេះ​ឡើង​វិញ​ ជាមួយ​នឹង​កម្មវិធី​សិក្សា ​ដ៏​មាន​សារៈសំខាន់​សម្រាប់​សាធារណជន​ និស្សិត និងមន្ត្រីរាជការ ។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ឧកញ៉ា​បណ្ឌិត​ ឡាច​ សំរោង ក្នុង​កម្មវីធី​សន្និបាត​វិសាមញ្ញ​របស់​សាកលវិទ្យាល័យ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​សាកលវិទ្យាល័យ​ខាង​លិច ​វិទ្យាល័យ​ ជា​ ស៊ីម​ សន្ធរមុខ​ អគារ​លេខ​១៣១BC ផ្លូវ​លេខ​១៣២​ សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក​ ធ្វើឲ្យមានគាំទ្រយ៉ាងកក់ក្ដៅពីសាស្ត្រាចារ្យ បុគ្គលឹកសិក្សា និស្សិត ដែលកំពង់បំរើការ និងសិក្សាក្នុងសកលវិទ្យាល័យ CUP ទាំងមូល ។

សន្និបាត​នេះ​ មាន​គោលបំណង​ធំ​ៗ​ចំនួន​៣​ ទី​១៖​ កំណែទម្រង់​នៃ​ការ​រៀបចំ​ឡើង​វិញ​ របស់​សមាសភាព​ក្រុម​ប្រឹក្សាភិបាល​ ទី​២​៖ ប្រកាស​ពី​សមាសភាព​និង​រចនាសម្ព័ន្ធ​ដឹងនាំ​ថ្មី​ និងទី​៣៖​ បញ្ហា​ផ្សេងៗ​ ។

នា​ឱកាស​នេះ​ លោក​ឧកញ៉ា​បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​បានថ្លែងឲ្យដឹង​ថា​ ដើម្បីជម្រះមន្ទិលសង្ស័យរបស់លោកគ្រូ សាស្រ្តាចារ្យ និស្សិត និងមហាជនទូទៅ ថាយើងមិនមែនឈាមថ្មីទេ គឺលាយឈាមចាស់ ។

លោក​ថា​ «គេ​ថា​ ខ្ញុំ​ជាអាយ៉ង គណៈ​គ្រប់គ្រងចាស់ដែលមានបំណុល​ប្រហែល​៣០ម៉ឺន​ដុល្លារ តែខ្ញុំត្រូវដោះស្រាយ​ឲ្យ​អស់។ មហាជនទូទៅថា សាលាហ្នឹងដាក់គណៈគ្រប់គ្រងថ្មីក៏ទៅលែងរួចដែរ ប៉ុន្តែយើងសុំ​ឲ្យ​មានជំនឿទុកចិត្តលើគណៈគ្រប់គ្រងថ្មី យើងខិតខំប្រឹងទាំងអស់គ្នា វិនិយោគរួមគ្នា មិនមែនជារបស់អ្នកណាមួយទេ​ គឺ​ជា​របស់​យើង​ទាំង​អស់​គ្នា​»។

សន្និបាតនេះ លោក​ឧកញ៉ាបណ្ឌិតឡាច​ សំរោង​ បាន​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល៧រូប ទីប្រឹក្សាជាន់ខ្ពស់ ថ្នាក់ដឹកនាំ ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ កម្មវិធីសិក្សាមូលដ្ឋាន និងសមាសភាពតាមមហាវិទ្យាល័យនានាទាំងមូលក្រោមចំណុះ CUP ។

ជាការកត់សម្គាល់ប្រកបដោយមោទនភាព មានអស់លោកចៅក្រម​តុលាការ ព្រះ​រាជ​អាជ្ញា​ មេធាវី​ ក្រឡាបញ្ជី​ មន្ត្រី​ជាន់ខ្ពស់​ កងកំលាំងប្រដាប់អាវុធ និង​សព្វ​មុខ​មន្ត្រី​ជា​ច្រើន​នាក់​ទៀត​ ភាគច្រើន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ចាប់តាំងពីមានការកកើតសកលវិទ្យាល័យនេះមកម្ល៉េះ៕